នាវាផ្ទុកយន្តហោះ USS Nimitz មានកងទ័ព ៣ ពាន់នាក់ កំពុងស្ថិតនៅលើផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ជាបេសកកម្មលើកដំបូងក្រោយពីចូលកំពង់ផ្នែកកងទ័ពជើងទឹករដ្ឋ វ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្ម ។
បេសកកម្មនេះនឹងមានរយៈពេល ៦ ខែ ចូលរួមដោយនាវាប្រយុទ្ធជាច្រើនគ្រឿងមកពីមូលដ្ឋានយោធាដទៃទៀត ដែលមានជំនាញអំពីបញ្ហាប្រទេស កូរ៉េខាងជើង មុនពេលបន្តបេសកកម្មទៅកាន់មជ្ឈិមបូព៌ា ជាកន្លែងដែលនាំមុខក្រុមនាវាប្រយុទ្ធលេខ ១១ ជាក្រុមវាយប្រហារមាននាវាចម្បាំង USS Shoup និង USS Kidd ។
មេបញ្ជាការដឹកនាំបេសកកម្មមិនអាចប្រាប់ព័ត៌មានសម្ងាត់អំពីទីតាំងគោលដៅបេសកកម្មរបស់នាវាផ្ទុកយន្តហោះឡើយ ប៉ុន្តែប្រទេស កូរ៉េខាងជើង គឺជាគោលដៅបេសកកម្មដែលមនុស្សគ្រប់គ្នាជឿថាប្រាកដជាមានក្នុងបេសកកម្មនេះ ស្របពេលដែលនាវាផ្ទុកយន្តហោះ USS Carl Vinson នាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងដឹកនាំក្រុមនាវាប្រយុទ្ធធ្វើដំណើរក្បែរឧបទ្វីបកូរ៉េ ។ នៅមានក្រុមនាវាប្រយុទ្ធជាច្រើនក្រុមទៀតដែលអមនាវាផ្ទុកយន្តហោះ Nimitz ដូចជាក្រុម ចចកប្រផេះ (Gray Wolves) ក្រុមយន្តហោះចម្បាំងមកពីមូលដ្ឋានកងទ័ពជើងទឹកកោះ Whidbey ក្នុងរដ្ឋ វ៉ាស៊ីនតោន ។
មេបញ្ជាការក្រុមនាវាប្រយុទ្ធ Nimitz និយាយថា នាវាផ្ទុកយន្តហោះនឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Carl Vinson និង USS Ronald Reagan ដែលជាការសម្ដែងកម្លាំងកងទ័ពជើងទឹកទ្រង់ទ្រាយធំបំផុតមួយនៅក្បែរឧបទ្វីបកូរ៉េ ។ ចំណែករដ្ឋាភិបាល ជប៉ុន បានបង្ហាញការគាំទ្រដល់បេសកកម្មរបស់នាវាទាំងនោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ព្រោះថា អនុភាពកាន់តែខ្លាំងរបស់សម្ពន្ធមិត្តនៅក្បែរដែនទឹកនៃឧបទ្វីបកូរ៉េ នឹងជួយឲ្យអាស៊ីខាងកើតមានស្ថិរភាពផុតពីការគំរាមរបស់ប្រទេស កូរ៉េខាងជើង ។
ប្រភពៈ komonews
