Sponsor
Pisey

Rolls-Royce​ ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីល្បាញ​បំផុត​របស់ ​ចក្រភព​អង់គ្លេស​ បាន​តាំង​បង្ហាញ​រថយន្ត​ Rolls-Royce​ ឆ្នាំ ​២០១៧​ ក្នុង​រមណីយដ្ឋាន​បឹង​ កូម៉ូ ​ក្បែរ​ជើងភ្នំ​ អាល់ ​របស់​ប្រទេស​ អ៊ីតាលី ។​ ទោះ​ជា​ក្រុមហ៊ុន​មិន​បាន​ប្រកាស​តម្លៃ​របស់​ Rolls-Royce​ ជំនាន់​ឆ្នាំ​ ២០១៧​ ប៉ុន្តែ​ព័ត៌មាន​ជាក់​លាក់​ពី​អតិថិជន​បញ្ជាក់​ថា ​Rolls-Royce ​២០១៧​ មាន​តម្លៃ​ចន្លោះ​ ១២​ លាន​ ៨​ សែន​ដុល្លារ​ ដល់​ ១៣​ លាន​ដុល្លារ​ អាមេរិក ។​ 

ក្រុមហ៊ុន​ផលិត​រថយន្ត​ដូច្នេះ​សម្រាប់​តម្រូវ​ការ​អតិថិជន​​ពិសេស​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ ដោយសារ​តែ​តម្លៃ​ថ្លៃ​ ប៉ុន្តែ​អ្នក​ចូលចិត្ត​ Rolls-Royce ​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​តាំង​បង្ហាញ​ក្នុង​ឆ្នាំ​នេះ​ ទោះ​ជា​ពួកគេ​មិន​អាច​ទិញ​ក៏​ដោយ ។​ អ្វី​ដែល​ប្លែក​សម្រាប់​ Rolls-Royce​ ឆ្នាំ ​២០១៧​ គឺ​ក្រុម​ឌីហ្សាញ​បាន​រចនា​រថយន្ត​ទំនើប​បំផុត​នេះ​ដូច​ទៅ​នឹង​រថយន្ត​ដំបូង​ដែល​ផលិត​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩២០​ និង​ទសវត្ស​ឆ្នាំ​ ១៩៣០​ ដោយមាន​កន្លែង​រក្សាទុក​ឥវ៉ាន់​របស់​ម្ចាស់​រថយន្ត​ ហើយ​វា​មាន​កៅអី​តែ​ពីរ​ប៉ុណ្ណោះ ។​ 

តួ​របស់​រថយន្ត​គ្មាន​តំណ​ឡើយ​ ដោយ​ផ្នែក​បាទ​ខាង​ក្រោម​រថយន្ត​ភ្ជាប់​រហូត​ដល់​ទៅ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​រៀង​មូល​ស្ដួច​ ប៉ុន្តែ​ផ្នែក​ខាង​មុខ​ធំ ​ហើយ​ដំបូល​ទូលាយ​ កញ្ចក់​ខាង​លើ ​និង​កញ្ចក់​​ចំហៀង​ធំ​ ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​រថយន្ត​អាច​មើល​ឃើញ​ទេសភាព​បាន​​ងាយស្រួល ។​ដោយសារ​វា​មាន​កៅអី​តែ​ពីរ​ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ទូលាយ​ សម្រាប់​រក្សា​ទុក​សម្ភារ ​និង​មាន​វ៉ាលី​បំពាក់​នៅ​ក្នុង​រថយន្ត​ស្រាប់ ។​ 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Rolls-Royce ​និយាយ​ថា​ ពិធី​ជួប​ជុំ​ឆ្នាំ​នេះ  ធំ​ជាង​ពេល​មុន​ៗ​ទាំង​អស់​​ ដោយ​ប្រតិបត្តិ​បញ្ជាក់​ថា ​Rolls-Royce​ គូថ​ស្ដួច​ គឺ​ជា​រថយន្ត​ដែល​ទាក់​ទាញ​បំផុត​ តាម​ការ​​ចង់​បាន​របស់​អតិថិជន ។​ ក្រុមហ៊ុន​ Rolls-Royce​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩០៦​ នៅ​ចក្រភព​អង់គ្លេស​ ហើយ​ល្បីល្បាញ​ដោយសារ​ធ្វើ​បាន​តាម​តម្រូវ​ការ​របស់​អតិថិជន​ និង​មាន​ការ​រចនា​បែប​ទំនើប​ និង​ជា​រថយន្ត​ដែល​ខ្សែ​រាជវង្ស​ចក្រភព​អង់គ្លេស​ និង​មនុស្ស​ល្បី​ៗ ​ចាប់​ពី​អ្នក​ជំនាញ​ ដល់​មន្ត្រី​ជាន់​ខ្ពស់​និយម​ប្រើប្រាស់​បំផុត ។​ 

ប្រភពៈ​ dezeen​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor