Sponsor
Pisey

​​រាជធានី​ភ្នំពេញ​៖ ​មន្ត្រី​នគរបាល​ចរាចរណ៍​​​ លឹម​ ចំណាន ​ដែល​បាន​បាញ់​គំរាម​ ពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​នោះ​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ សម្រេច​ដាក់​ពិន័យ​យ៉ាង​ចាស់ដៃ​ ដោយ​ត្រូវ​បាន​បន្ថយ​ឋានន្តរសក្ដិ ដក​តួនាទី​​​មក​​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ធម្មតា​វិញ​។​

​​​​អគ្គស្នងការ​រង​នគរបាល​ជាតិ ​គៀត ​ច័ន្ទថារិទ្ធ​ ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១​៤ ​ខែ​មិថុនា​នេះ​​​ថា ​​តាម​សំណើ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​សម្ដេច​ក្រឡាហោម ​​​បាន​សម្រេច​​ដាក់​ពិន័យ ​លោក ​លឹម ​ចំណាន​ ៣ ​រូបភាព​​ ទី​១ ​ធ្វើការ​ព្រមាន​ជា​ផ្លូវការ​ និង​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​នេះ​ជា​ថ្មី​ម្ដង​ទៀត​​ ទី​២ ​បន្ថយ​ឋានន្តរសក្ដិ​ពី​វរសេនីយ៍ទោ ​មក​វរសេនីយ៍​ត្រី​ និង​ទី​៣​ ដក​ឋានៈ​របស់​នគរបាល​រូប​នេះ​ពី​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ មក​ជា​មន្រ្តី​នគរបាល​ធម្មតា​។

ឯកឧត្តម​បន្ត​ទៀត​ថា ​ ការ​សម្រេច​ពិន័យ​​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​នេះ​​​​អគ្គ​ស្នងការ​នគរបាល​ជាតិ​ មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ទេ ​ប៉ុន្តែ​អគ្គស្នងការ​​ត្រូវ​តែ​អនុវត្ត ​ព្រោះ​ថា លោក​ជា​កងកម្លាំង​នគរបាល​ ហើយ​ទាំង​ថែម​បាន​ប្រព្រឹត្ត​ខុស ​ទើប​ចាត់​ចែង​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​មិន​មាន​ពាក្យ​បណ្ដឹង​។

សូម​បញ្ជាក់​ថា​ លោក​វរសេនីយ៍ទោ លឹម​ ចំណាន​​ ​ នាយករង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កណ្តាល​ ​ដែល​ជា​កូន​ប្រុស​ ឯកឧត្តម ប៉ុល​ លឹម ​​​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​នោះ​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ត្រូវ​បាន​គេ​ចោទ​ថា​ ​បាន​​បាញ់​​គំរាម​ម្ចាស់​រថយន្ត​មួយ​គ្រឿង​​ នៅ​​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ក្រោយ​​ពី​លោក​បាន​បើក​​រថយន្ត​​កា​មេរី​បាឡែន​​របស់​ខ្លួន​ជែង​រថយន្ត​ខាងលើ​ហើយ​ប៉ះ​គ្នា រួច​មិន​បាន​ឈប់​ទេ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​គំរាម​មួយ​គ្រាប់​ទៀត​​៕​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor