ក្រចេះ៖ ដំរីញីមួយក្បាលដែលគេជួលពីម្ចាស់ជនជាតិនៅខេត្តមណ្ឌលគីរី ធ្វើជាមធ្យោបាយសម្រាប់លក់ថ្នាំបុរាណបានរអិលផុងជើងធ្លាក់ចូលរណ្តៅចាស់មួយកន្លែងបណ្តាលឲ្យវាបានស្លាប់ ក្រោយពីបានសង្គ្រោះចេញនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែងស្ថិតក្នុងភូមិក្បាលស្នួល ឃុំ ស្រុកស្នួល នៅស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល ត្រូវបានម្ចាស់ឈប់សំរាកនៅក្នុងវត្តចំនួន២ថ្ងៃ ដោយយកសត្វដំរីនេះមកចងស្នាក់នៅក្នុងបរិវេណវត្តផ្សារស្នួល។ លុះដល់រសៀលថ្ងៃកើតហេតុ ម្ចាស់ក៏បាននាំសត្វដំរីដើរទៅរកផឹកទឹកពេលមេឃកំពុងមានភ្លៀងផងនោះ ស្រាប់តែដល់ចំណុចខាងលើដំរីក៏បានរអិលជើងធ្លាក់ចូលក្នុងរណ្តៅចាស់មួយកន្លែងដែលគេដាក់ឈើគ្របពីលើ និងបានទុកចោលអស់រយៈពេលជាយូរមកហើយនោះ រួចក៏ផុងជាប់ខ្លួនងើបចេញមិនរួច។
ម្ចាស់ដំរីបានហៅរថយន្តមកស្ទួចយកមកដាក់ខាងលើបានមួយសន្ទុះក្រោយមកដំរីនេះក៏ងាប់តែម្តង។ សាកសពសត្វដំរីញីមួយក្បាលនេះត្រូវបានម្ចាស់របស់គេ ជួលរថយន្តស្ទួចមកស្ទួចដាក់លើរថយន្តធំដឹកទៅខេត្តមណ្ឌលគីរីវិញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ដើម្បីយកទៅធ្វើពិធីបុណ្យ និងសែនព្រេនទៅតាមប្រពៃណី ទំនៀម ទំលាប់បងប្អូនជនជាតិដើមភាគតិច នៅស្រុកកំណើតរបស់គេវិញ។ មិនដឹងថាតើអ្នកជួលដំរីមកធ្វើឲ្យងាប់ចឹងសងម្ចាស់គេប៉ុន្មាននោះទេ៕

