ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅព្រឹកថ្ងៃពុធនេះបាននិយាយថា គ្មានប្រទេសណាមួយនៅលើភពផែនដីនេះអាចរស់បានឡើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរ ផ្ទុះឡើងរវាងមហាអំណាច ដែលខ្លាំងជាងគេបំផុតលើលោក។
លោក Oliver Stone អ្នកដឹកនាំខ្សែភាពយន្តដ៏ល្បី របស់សហរដ្ឋអាមេរិក បានចោទសួរទៅកាន់រដ្ឋាភិបាលរុស្ស៊ីថា តើលោក ពូទីន រំពឹងទេថា សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យ លើសង្គ្រាម? ប្រសិនបើមានការប្រកួតប្រជែងបែបមនុស្សជាតិ នាំឲ្យសង្គ្រាមនុយក្លេអ៊ែរ ផ្ទុះឡើង ពិតមែននៅពេលខាងមុខ។
លោក ពូទីន ឆ្លើយថា "ខ្ញុំគិតថា នឹងគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ ប្រសិនបើវាកើតឡើងពិតមែន"។ ស្របគ្នានោះលោក Stone បានឲ្យដឹងថា កិច្ចសម្ភាសន៍របស់លោកប្រធានាធិបតីរូបនេះ នឹងត្រូវចាក់ផ្សាយពេញលេញនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ី និងអាមេរិក នាសប្ដាហ៍ក្រោយនេះ ដើម្បីឲ្យថ្នាក់ដឹកនាំទូទាំងពិភពលោកបានដឹងពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៃអំណាចនុយក្លេអ៊ែរ។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីត្រូវបានគេដឹងថា ជាប្រទេសមហាអំណាចមួយដែលមានយុទ្ធសាស្ត្រយោធាយ៉ាងរឹងមាំ ចំពេលដែលតានតឹងជាមួយអង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក ដែលធ្លាប់បានតឹងសរសៃកដាក់គ្នាម្ដងរួចមកហើយ ក្រោយប្រធានាធិបតីលោក ដូណាល់ ត្រាំ បញ្ជាឲ្យបាញ់មីស៊ីលជិត ៥០គ្រាប់ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន។ យ៉ាងណាមិញរហូតមកដល់ពេលនេះ ភាគីទាំងពីរនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ៕
