ចំនួនសាកសពកើនឡើងរហូតដល់ ៣៦នាក់ ត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារ និងកាស៊ីណូ Resorts World Manila នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានចូលបាញ់ប្រហារ និងបង្កឲ្យមានអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសាររលាកភ្លើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
មេនគរបាលក្រុង លោក Oscar Albayalde បានឲ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះមានបំណងចង់លួចវត្ថុមានតម្លៃនៅក្នុងកាស៊ីណូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់ ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង ចំពេលដែលកងកម្លាំងសន្តិសុខចុះទៅដល់កន្លែងកើតហេតុ។ យ៉ាងណាមិញពុំទាន់មានប្រភពណាមួយអះអាងថា វាជាអំពើភេរវកម្មនោះឡើង គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃសុក្រ ទី០២ ខែមិថុនា ព្រឹកមិញនេះ ដោយប៉ូលិសបានរកឃើញសាកសពជាបន្តបន្ទាប់ មកទល់ពេលនេះគេបានរកឃើញចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៣៦នាក់ ក្នុងនោះមានភ្ញៀវស្នាក់នៅចំនួន ២២នាក់ បុគ្គលិក ១៣នាក់ បូករួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ និង ៥៤នាក់ផ្សេងទៀតរងរបួស៕

