
ខេត្តសៀមរាប៖ តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជា បានជំរុញឱ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌ បែបប្រវត្តិសាស្ត្រ និងបេតិកភណ្ឌឱ្យបានកាន់តែល្អប្រសើរ ពីព្រោះកម្ពុជាជាប្រទេសដែលសំបូរសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យច្រើនជាងគេ ខណៈក្នុងនោះមានខេត្តចំនួនបី ត្រូវបានក្លាយជាបេតិកភណ្ឌរបស់អង្គការយូណេស្កូផ្នែកសំណង់ប្រវត្តិសាស្ត្រ ផ្សាភ្ជាប់នឹងតំបន់ទេសចរណ៍។
ការជំរុញបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកប ដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ដែលសន្និសីទនេះដែរបានប្រារព្ធឡើងនៅទីក្រុង សៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
មានប្រសាសន៍នៅក្នុងសន្នីសីទនោះ លោកជំទាវ Anne Lemaistre តំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា សម្បត្តិបេតិកភណ្ឌនៃបណ្តាប្រទេសមួយ ចំនួនដែលបានដាក់ចូល នៅក្នុងអង្គការយូណេស្កូ បានប្រឈម និងការដកចេញវិញ ហើយមួយចំនួនក៏បានដកវិញហើយដែរ ដោយសារតែការអភិរក្សនិងការអនុវត្តច្បាប់នៃ ប្រទេសទំាងនោះ មិនបានត្រឹមត្រូវតាមលក្ខខណ្ឌ និងការណែនំារបស់អង្គការយូណេស្កូ។
ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានអនុវត្តន៍បានល្អតាមការណែនាំ របស់អង្គការ យូណេស្កូ ដូចជាករណីនៅប្រាសាទភ្នំបាក់ខែង កន្លងមកគឺ អាជ្ញាធរអប្សរាបាន បើកឱ្យភ្ញៀវទេសចរឡើង ទៅទស្សនាប្រាសាទ និងមើលថ្ងៃលិចដោយសេរី ដែលប្រឈម និងធ្វើឱ្យប៉ះពាល់ដល់ប្រាសាទ ប៉ុន្តែបន្ទាប់មានការណែនំាពី ICC Angkor អាជ្ញាធរអប្សរា បានកំណត់ឱ្យភ្ញៀវទេសចរឡើងទៅទស្សនាប្រាសាទ និងថ្ងៃលិចត្រឹមតែ ៣០០នាក់ ប៉ុណ្ណោះក្នុងមួយលើកៗ ដែលនេះគឺជាការអភិរក្សមួយដ៏ល្អ។
លោកជំទាវ Anne Lemaistre ក៏បានជំរុញឱ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិសាស្រ្ត និងបេតិកភណ្ឌឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះកម្ពុជាជាប្រទេស ដែលសំបូរសម្បត្តិ បេតិកភណ្ឌដ៏អស្ចារ្យច្រើនជាងគេ ដូចជានៅខេត្តបាត់ដំបង បន្ទាប់ពីគណៈ ប្រតិភូបានចុះទៅទស្សនកិច្ច ដោយផ្ទាល់ឃើញថា ខេត្តបាត់ដំបងមានសម្បត្តិវប្បធម៌ជាច្រើន ដែលត្រូវអភិរក្សឱ្យបានដូចជា អាគាររដ្ឋបាលខេត្ត សំណង់វត្ត ដែលមានអាយុកាលរាប់ រយឆ្នំារួមជាមួយសិល្បៈបែបប្រពៃណីទំនៀម ទម្លាប់ជាច្រើនទៀតនៅក្នុងតំបន់នោះ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរ លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌ បានឱ្យដឹងថា ជាការពិតណាស់ កម្ពុជាជាប្រទេសដែលសំបូរសម្បត្តិ បេតិកភណ្ឌច្រើនទំាងផ្នែកវប្បធម៌ សំណង់ប្រវត្តិសាស្ត្រ និងប្រាសាទបុរាណ។ ចំពោះការ អភិរក្សសំណង់ប្រវត្តិសាស្ត្រ នេះកម្ពុជាបានស្នើសុំដាក់បញ្ចូលទីក្រុងសំខាន់ៗចំនួនបី ដែលមានសំណង់បែបប្រវត្តិសាស្ត្រច្រើន ជាទីក្រុងបេតិកភណ្ឌផ្សាភ្ជាប់នឹងទេសចរណ៍ ទៅក្នុងបញ្ជី បេតិកភណ្ឌរបស់អង្គការយូណេស្កូក្នុងនោះមាន ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ៕