យោធាកូរ៉េខាងត្បូងបានរាយការណ៍ភ្លាមៗនេះថា កូរ៉េខាងជើងបាញ់មីស៊ីល ប្រឆាំងនាវា ជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រ ដោយបាញ់ចេញពីទីក្រុង វ៉ូនសាន នាព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik។
បើតាមការទីភ្នាក់ងារព័ត៌មាន Yonhap មីស៊ីលដែលទីក្រុងព្យុងយ៉ាងបាញ់ មីស៊ីលប្រឆាំងនាវា ជាច្រើនគ្រាប់ ហោះចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រ ដោយវាជាសកម្មភាពបង្ករឿងមួយទៀត ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In ធ្វើការកត់សម្គាល់ និងចាត់វិធានការទប់ស្កាត់។
គួរបញ្ជាក់ផងដែរថា ការបាញ់អាវុធដ៏កក្រើកទាំងព្រឹកព្រលឹមនេះ ធ្វើឡើងក្រោយពេលដែលទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក លោកឧត្ដមនាវីទោ James Syring ចេញបញ្ជាឲ្យកងទ័ពទាំងអស់ប្រជុំគ្នាពីរឿង ស្វែងរកវិធានការរារាំងកូរ៉េខាងជើង ក្នុងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលអាចនឹងឈានដល់មីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕
