
សិល្បៈ ៖ ថ្មីៗនេះមានតារាស្រីមួយចំនួនបាននិយាយថា ពិធីមង្គលការមិនសំខាន់សម្រាប់គេឡើយ ឯរឿងដែលចាំបាច់ គេចង់បានការស្រឡាញ់ស្មោះ យល់ចិត្តគ្នា និងចេះពួតដៃគ្នារកស៊ី។ ងាកមកតារាសម្ដែង និងម៉ូដែលកញ្ញា វីនវីន បានប្រាប់ Kqube.net ថា សម្រាប់រូបនាង ពិធីមង្គលការជារឿងសំខាន់ណាស់ ពីព្រោះបើមានប្ដី ដោយបានរៀបការតាមប្រពៃណីត្រឹមត្រូវ មិនត្រឹមតែមានកិត្តិយសប៉ុណ្ណោះទេ គឺជាការសងគុណម្ដាយថែមទៀត។
ចូលមកដល់ឆ្នាំ២០១៧នេះ តារាសម្ដែង និងម៉ូដែលកញ្ញា វីនវីន មានវ័យ២៣ឆ្នាំ ហើយ តាំងពីចូលប្រឡូកអាជីពសិល្បៈនៅឆ្នាំ២០១១ រហូតមកដល់ពេលនេះកញ្ញាមានអ្នកស្រឡាញ់ និងចង់បានជាគូអនាគតច្រើន ដោយមានទាំងមន្ត្រីរាជការ អ្នករកស៊ី រួមនឹងអ្នកស្រុកក្រៅផងដែរ ប៉ុន្តែកញ្ញាបានច្រានចោលដោយលើកហេតុផលថា នាងនៅស្រឡាញ់អាជីពសិល្បៈ ហើយក៏ចង់យកពេលពង្រឹងមុខរបររកស៊ីផ្ទាល់ខ្លួនឲ្យរឹងមាំបន្តិចសិន ទើបគិតរឿងគូអនាគត ។
តារាស្រីរូបនេះបន្តថា ចំពោះការជ្រើសរើសគូស្រករ នាងមិនជ្រើសយកផ្លូវកាត់ ដោយមិនបានរៀបការបំពេញមុខមេបាចាស់ទុំដូចអ្នកសិល្បៈមួយចំនួននិយាយនោះទេ ព្រោះនាងយល់ថា ពិធីមង្គលការសម្រាប់កូនខ្មែរ ជាពិសេសជាស្ត្រី មានតម្លៃ និងបំពេញកិត្តិយសដល់ឪពុកម្ដាយ ហើយក៏ជាការសងគុណដល់ម្ដាយជាអ្នកបង្កើតផងដែរ ដូច្នេះហើយសម្រាប់តារាផ្សេងទៀតគេគិតឃើញបែបណា ជារឿងរបស់គេ ចំណែករូបនាង គឺនិយាយយ៉ាងខ្លីថា កូនស្រីមានប្ដីត្រូវតែរៀបការ ដើម្បីសងគុណម្ដាយ៕




