
គ្រូបង្វឹកក្លឹប Manchester United លោក Jose Mourinho នឹងប្រកាសថារក្សា Phil Jones បន្តលេងនៅ Old Trafford ទោះបីជាមានព័ត៌មានចចាមអារ៉ាមថា រូបគេអាចនឹងចាកចេញឆ្នាំ ២០១៧/១៨ក៏ដោយ។
Jones វ័យ២៥ឆ្នាំបានមកលេងនៅ Man Utd ក្រោយចាកចេញពី Blackburn Rover ក្នុងរដូវក្ដៅឆ្នាំ ២០១១ហើយខ្សែការពារកណ្ដាលរូបនេះ បង្ហាញខ្លួនឲ្យបិសាចក្រហមបាន១៦៨ប្រកួតគ្រប់កម្មវិធី ដោយជួយក្លឹបឈ្នះ Premier League ម្ដង FA Cup ម្ដងនិង Europa League ម្ដងផងដែរ។
បន្ទាប់ពីការចូលមកដល់ខ្សែការពារស៊ុយអែត Victor Lindelof ពី Benfica មក មានការរំពឹងទុកជាច្រើនថា Jones នឹងចាកចេញពី Old Trafford ប៉ុន្តែ តាមប្រភពចុងក្រោយមួយបានរាយការណ៍ថា Mourinho ចាត់ទុកអតីតខ្សែការពារ Blackburn រូបនេះ ជាកីឡាករសំខាន់សម្រាប់ជួយក្រុមនៅរដូវកាលក្រោយ។

ប្រភពដដែលបានបន្តថា Mourinho នឹងពិចារណាស្នើឲ្យ Chris Smalling ចាកចេញក្នុងរដូវក្ដៅនេះ បន្ទាប់ពីរូបលោកបានសម្រេចចិត្តថា ត្រូវការខ្សែការពារសញ្ជាតិអង់គ្លេសតែម្នាក់គត់ ក្នុងចំណោម២រូបនេះ ជួយក្លឹបនៅរដូវកាល២០១៧/២០១៨។
របួសបានបន្ថយឱកាសចូលលេងរបស់ Jones នៅសល់តែ ១៨ ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលមុន តែយ៉ាងណារូបគេបានចាប់ដៃគូជាមួយ Marco Rojo បានល្អបំផុតនៅពាក់កណ្ដាលរដូវកាលមុន៕
