ទីក្រុងព្យុងយ៉ាងបានលើកឡើងសារជាថ្មីពីអំនួតនុយក្លេអ៊ែររបស់ខ្លួន ដោយប្រកាសថា មីស៊ីលអន្តរទ្វីប ICBM នឹងបាញ់សាកល្បងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលលូកដៃចូលក្នុងជម្លោះនៅលើឧបទ្វីបកូរ៉េ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹក ថ្ងៃទី១២ ខែមិថុនានេះ។
បើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន Yonhap រដ្ឋាភិបាលកូរ៉េខាងជើងបានបង្ហើបឲ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) របស់ខ្លួន នឹងបាញ់សាកល្បងនៅពេលដ៏ខ្លីខាងមុខ ដើម្បីជាការឆ្លើយតបនូវការប្រមាថមាក់ងាយរបស់រដ្ឋាភិបាលអាមេរិក នាពេលកន្លងមក ជាពិសេសគឺការលូកដៃចូលក្នុងជម្លោះនៅលើឧបទ្វីបកូរ៉េ។
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ កាលពីថ្ងៃសៅរ៍ មេដឹកនាំកូរ៉េខាងជើងលោក គីម យុងអ៊ុន បានសង្កត់ធ្ងន់ថា "យើងនឹងធ្វើការពន្លឿនការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ដើម្បីសម្រេចបានមីស៊ីល ICBM នៅក្នុងឆ្នាំ២០១៧នេះ ក្នុងគោលបំណងទុកសម្រាប់ការពារខ្លួន"។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បច្ចុប្បន្ន កំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងតាមរយៈអាវុធនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាទទួលរងការដាក់ទណ្ឌកម្មកម្មពីសំណាក់ UN និងលោកខាងលិចក៏ដោយ។ គិតត្រឹមខែឧសភា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តអាវុធរហូតដល់ ៥ដល រួចទាំងមីស៊ីលប្រឆាំងនាវាមិនស្គាល់ឈ្មោះមួយប្រភេទទៀត ដែលទើបបាញ់កាលពីប៉ុន្មានថ្ងៃមុននេះ៕

