Sponsor
Pisey

ខេត្ត​ព្រះសីហនុ​៖ ប្រជា​នេសាទ​​២​នាក់​ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួច​​ជីវិត​ ក្រោយ​ពី​​ទូក​នេសាទ​ ប្រភេទ​អួន​អូស​បង្គា​១​គ្រឿង​របស់​ពួកគេ​​ ​បាន​លិច​នៅ​លំហសមុទ្រ​ ចម្ងាយ​ប្រហែល​ ៧ ​គីឡូម៉ែត្រ​ ខាង​ត្បូង​កោះពស់​ ​នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០​១​៧​នេះ​​ ម៉ោង​ប្រហែល ២​ភ្លឺ​​។​

​ការ​ជួយ​សង្គ្រោះ គឺ​​នៅ​​៥​ម៉ោង​ក្រោយ ​​ដោយ​ទូក​យន្ត​ប្រភេទ​ធំ​ដឹក​ភ្ញៀវ​ទេសចរណ៍ របស់​ក្រុមហ៊ុន​ G​T​V​C ខណៈ​ជនរងគ្រោះ​ទាំង​២​នាក់​ខាង​លើ​កំពុង​ហែល​ទឹក​តោង​ប៊ីដុងជរ័​ នៅ​ខាងត្បូង​កោះ​ឫស្សី​ (​​រសាត់​តាម​ទឹក​លលក​​ ចម្ងាយ​ប្រហែល​ជាង​១​០​គីឡូម៉ែត្រ​ពី​កន្លែង​លិច)​ រួច​ក៏បាន​នាំ​​​​មក​ប្រគល់​ជូន​​​កម្លាំង​ជំនាញ​ប្រចាំការ​គោលដៅ​ផែ​ទេសចរណ៍​ ដើម្បី​សាក​សួរ​ព័ត៌មាន​។ 

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យដឹង​​​ថា​​ ជនរងគ្រោះ​ទាំង​២​នាក់​មាន​​​ឈ្មោះ​ សូន​ ​វណ្ណី​ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​​ មុខរបរ​នេសាទ ​(ត្រូវ​ជា​​ ម្ចាស់​ទូក)​​និង​ម្នាក់​ទៀត​២.​ឈ្មោះ ​សុន​ ​សុធី​ ​ភេទប្រុស​ អាយុ​ ៣៥​ ឆ្នាំ ជា​កម្មករ​នេសាទ។​  ទូក​នេសាទ​របស់​ពួក​គេ​លិច ដោយសារ​ការ​អូស​មង​ទាក់​ជាមួយ​ថ្ម និង​គាប់​ជួន​អាកាសធាតុ​មាន​ភ្លៀង​ខ្យល់​ខ្លាំង ​ទឹក​រលក​ខ្ពស់​ វាយ​គ្រប​ បណ្តាល​ឲ្យ​លិច​​។​ 

ប្រភព​ដដែល​បន្ត​ថា​ សម្ភារៈ​​ខូចខាត​រួមមាន​​ ទូក​ឈើ​ពណ៍ខៀវ​ ម៉ាស៊ីន​គោ​យន្ត​​កម្លាំង​៤២​សេះ​១​គ្រឿង ​លិច​បាត់​ទាំងស្រុង​​ ​អួន​អូស​បង្គា​ចំនួន​៣ ​កំផ្លេ ​វិទ្យុ​ទាក់ទង​១​គ្រឿង​ ឧបករណ៍​មើល​ផ្លូវ​ មើល​បាត​សមុទ្រ​ ហៅ​ថា​ដាវ​១​គ្រឿង ​និង​ទូរស័ព្ទ​១​គ្រឿង​។ ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor