
រាជធានីភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ខ្លួននឹងនិយាយជាមួយលោកប្រធានាធិបតី ដូណាល់ត្រាំ នៅក្នុងឱកាសកិច្ចប្រជុំ អាស៊ាន -អាមេរិក ពាក់ព័ន្ធរឿងស្ថានទូតអាមេរិកយកលុយ ១៥០ដុល្លារ ពីពលរដ្ឋខ្មែរ ថ្លៃធ្វើទិដ្ឋាការ (Visa) ទៅ សហរដ្ឋអាមេរិក។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាលកវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី១៥ មិថុនានេះ នាវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេច នឹងជួបជាមួយលោកប្រធានាធិបតី ដូណាល់ត្រាំ លើបញ្ហាស្ថានទូតអាមេរិកប្រចាំកម្ពុជាយកប្រាក់ ១៥០ដុល្លារថ្លៃធ្វើទិដ្ឋាការពីពលរដ្ឋកម្ពុជា ឬអ្នកដែលធ្វើ Visaនេះ ទាំងខ្លះមិនបានសម្ភាសន៍ជាប់ផងនោះ។
ដូច្នេះក្នុងជំនួបនាឱកាសកិច្ចប្រជុំ អាស៊ាន -អាមេរិក ខាងមុខនេះ សម្តេចតេជោ ចង់ឲ្យលោកប្រធានាធិបតី ត្រាំ បានដឹង និងចង់ស្នើឲ្យជួយសម្រួលលើបញ្ហានេះ ដោយយកលុយ ១៥០ដុល្លារនោះ តែទៅលើអ្នកដែលសម្ភាសន៍ជាប់ ឬបានទទួលទិដ្ឋាការទៅអាមេរិក ព្រោះលុយនេះមិនមានបញ្ហាទេសម្រាប់អ្នកធូរធារ ប៉ុន្តែអ្នកក្រវិញដែលបានទៅស្នើសុំទិដ្ឋាការនោះ គឺមិនតិចឡើយ។

