ខេត្តសៀមរាប៖ អ្នកញៀនប្រុសស្រី ៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចុះបង្ក្រាបនិងឃាត់ខ្លួនបាន នៅទីតាំងផ្ទះបើកលេងល្បែង (បៀកងយឺត) មួយកន្លែងស្ថិតនៅក្នុងភូមិទក្សិណត្បូង សង្កាត់គោកចកក្រុងសៀមរាបកាលពី វេលាម៉ោងប្រមាណ១៦:០០នាទីថ្ងៃទី១៨ ខែកក្ដដា ម្សិលមិញ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងក្រោយកិច្ចប្រជុំទទួលផែនការពីអតីតអធិការក្រុងសៀមរាប ទើបឡើងកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាបថ្មី លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង បានដាក់ផែនការឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ០៦នាក់ (ស្រី៣នាក់) និងស្រ្តីម្ចាស់ផ្ទះបើកកន្លែងលេងបៀម្នាក់ ឈ្មោះ ដក់ មុំ អាយុ ៣៨ ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាង បៀ០៣ហ៊ូ ប្រាក់ដុល្លារនិងប្រាក់រៀល មួយចំនួន ទូរស័ព្ទដៃចំនួន ០៥គ្រឿង ម៉ូតូ០២គ្រឿង។ អ្នកទាំង៧នាក់នេះ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ប្រភពដដែលបន្តថា អ្នកញៀនល្បែងទាំង០៦នាក់ មិនត្រូវបានពិន័យធ្ងន់ធ្ងរទេ គឺខាងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ ជាលើកទី១ រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកឯស្រី្តម្ចាស់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ចំនួន០១នាក់ និងវត្ថុតាងត្រូវបាននគរបាលព្រហ្មទណ្ឌសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕



