Sponsor
Pisey

ខេត្ត​បន្ទាយមានជ័យ៖ មន្ត្រី​គណៈកម្មការ​ទទួល​ពលករ​ខ្មែរ​ខុសច្បាប់​ បាន​ឲ្យ​ដឹង​ថា​​​ ​រយៈពេល​​៥​ថ្ងៃ​ ​ អាជ្ញាធរ​ថៃ​​​​ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ជិត​​ ៤​ ពាន់​នាក់ ​មក​កម្ពុជា​វិញ​​។ នេះ​បើចាប់​​​ពីថ្ងៃទី​១ -៥ កក្កដា ឆ្នាំ​២០១៧​នេះ​ម្សិលមិញ​។​​​​​

​លោក​ស្រី​ ស៊ីន ​ណាំយ៉ុង ​មន្ត្រី​គណៈកម្មការ​ទទួល​ពលករ​ខ្មែរ​ខុស​ច្បាប់ ​បាន​ឲ្យ​ដឹង​​ថា នៅ​អំឡុង​ពេល​ដែល​​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ខ្លួន​នោះ​ រយៈពេល​៥​ថ្ងៃ​ដើម​ខែ​កក្កដា​នេះ​ មាន​​​ពលករ​ខ្មែរ​ខុស​ច្បាប់​​​ចំនួន​សរុប​ ៣,​៦​៨​៤​នាក់ ​មាន​​ស្រី​១,​១​៦​០​នាក់​ និង​កុមារ​​ ២​៨​​៦​នាក់ ត្រូវ​បាន​ភាគី​ចាប់​បញ្ជូន​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​។​ 

ជុំវិញ​ការ​ចាប់​បញ្ជូន​ដូច​ទឹក​បាក់​ទំនប់​នេះ​​​​​​ពលករ​ខ្មែរ​ប្រុស​ស្រី​ដែល​ត្រូវ​បង្ខំ​​ឲ្យ​មក​កម្ពុជា​វិញ​​​​​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​អាជ្ញាធរ​​ថៃ ​បាន​ចាប់​​រឹត​បន្តឹង​លើ​ការ​អនុវត្ត​ច្បាប់​​ថ្មី​នោះ​​ ​​​ថៅកែ​ថៃ​បាន​បញ្ឈប់​ការងារ​របស់​ពួកគេ​ ដោយ​តម្រូវ​​ឲ្យ​ទៅ​ធ្វើ​​​​សំណុំ​ឯកសារ​ច្បាប់​ត្រឹមត្រូវ​​​​ ទើប​ហ៊ាន​​ទទួល​ធ្វើ​ការងារ​មក​​វិញ​។​​

ការ​ទាមទារ​ឯកសារ​ស្រប​​ច្បាប់​​នេះ​ ​ពួកគេ​​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​​​ខ្ចី​លុយ​ថៅកែ​ថៃ​​ទៅ​​ធ្វើ​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ ​ដោយ​ក្នុង​ម្នាក់​ៗ​​ធ្វើ​លិខិត​ឆ្លង​ដែន​អស់ ​២១៥​ដុល្លារ ​និង​ថ្លៃ​ក្រុមហ៊ុន​ច្បាប់​ការងារ​តម្លៃ​ ១២៥​ដុល្លារ​​ ​និង​ត្រូវ​ចំណាយ​ច្បាប់​ការងារ​ប្រទេស​ថៃ​មាន​បង់​ពន្ធ​ និង​បង់​សេវា​សុខភាព​ប្រមាណ​ ១៨,០០០​បាត​បន្ថែម​ទៀត​​​។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​​​​​

​ពួក​គេ​បាន​បន្ថែម​ថា ​បន្ទាប់​ពី​​អនុញ្ញាត​​ឲ្យ​​ធ្វើ​ច្បាប់​ការងារ​ហើយ ​ពួក​គេ​​ត្រូវ​បង់​ប្រាក់​​​​ជាង​៣​ម៉ឺន​បាត​ទៀត​ក្នុង​ម្នាក់​ ទើប​​​អាច​​ធ្វើ​ការងារ​បាន​នៅ​ទីនោះ​​​ ប៉ុន្តែ​ដោយសារ​​ត្រូវ​ដោះ​បំណុល​ថៅកែ​រួម​ទាំង​ត្រូវ​ច្រើនបែប​នេះ​ ពួកគេ​គ្មាន​លទ្ធភាព​ទេ​​​​​ ទើប​​សម្រេចចិត្ត​ដើរ​ចេញ​ពី​កន្លែង​ធ្វើ​ការងារ​ឲ្យ​​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​​វិញ។​ ជាមួយ​គ្នា​ដែរ​ ពួកគេ​ក៏​បាន​សំណូម​ពរ​ដល់​​​សម្ដេច​តេជោ ហ៊ុន សែន​ ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា ​​មាន​​​ជួយ​អន្តរាគមន៍​និង​សម្រួល​ដល់​ពួកគេ​ផងដែរ​៕​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor