
ក្រចេះ៖ ចៅក្រមសាលាដំបូងខេត្តក្រចេះ ចេញដីកាបង្គាប់អោយឃុំខ្លួនមេព្រៃឈ្មោះ ឃួន ជីវិន នៅរសៀលថ្ងៃនេះបន្ទាប់ពីមន្ត្រីមេព្រៃរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅល្ងាចថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ ។
នៅទីបំផុត បន្ទាប់ពីបញ្ចប់ការសាកសួរ លោក ញ៉ិល ប៊ុនលី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហានេះ បានសម្រេចឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។ មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ ត្រូវបានឃុំខ្លួនតាមបទចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទរំលោភអំណាច តាមបញ្ញត្តិមាត្រា៣៥ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងបទអនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ត្រីរដ្ឋបាលព្រៃឈើ តាមបញ្ញត្តិមាត្រា១០១ នៃច្បាប់ព្រៃឈើ នៃច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ញ៉ិល ប៊ុនលី បានសម្រេចបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃួន ជីវិន ភេទប្រុស អាយុ៤៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិព្រៃស្ពឺ ឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល ទីលំនៅសព្វថ្ងៃនៅផ្ទះលេខ៣៧ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រំលោភពអំណាច និងបទអនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ត្រីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៧។
ចំណាត់ការនេះពិតជាទទួលការគាំទ្រពីមជ្ឈដ្ឋានទូទៅ ព្រោះគាត់ជាមេរោគដ៏អាក្រក់ប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសតិអារម្មណ៍ដល់ពលរដ្ឋ…ករណីខ្លះគាត់ប្រព្រឹត្តដើម្បីក្រពះ ឬសំណល់ពីមេប្រមូលខ្ទេច ប្រមូលខ្ទី..តែប៉ុណ្ណោះ។
អ្វីដែលល្អលើសនេះនឹងត្រូវធ្វើបន្ត គួកំចាត់មេកើយអង្គភាពគាត់ និងសមត្ថកិច្ចផ្សេងទៀតជាច្រើនស្ថាប័ន ដែលយកតួនាទីដើរសុីសង្វាក់គ្នាជាមួយឈ្មួញឈើ យកលុយពីឡានឈើចេញម្តងៗទាំងខ្សែបន្តទៀត ព្រោះពួកគាត់មិនមែនត្រឹមជាមេរោគសតិអារម្មណ៍មកលើពលរដ្ឋប៉ុណ្ណោះទេ គឺមានគំនិតទុច្ចរិតសមគំនិតនិងឈ្មួញឈើបំផ្លាញធនធានធម្មជាតិ.ជាតិយើងដោយមិនអាចប្រកែកបាន។
សូមគោរពថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់វិធានការណ៍បានលឿនទាន់ចិត្តពេលទទួបានព័ត៌មានអំពីអំពើល្មើសរបស់មេព្រៃ ឃួន ជីវិន ។
នេះជាសារមួយប្រាប់ទៅមន្ត្រីពុករលួយទាំងឡាយ អោយភ្ញាក់រលឹកកែខ្លួនមកបំរើរាស្ត្រ កុំយកតួនាទី បុណ្យស័ក្តិដើរជំរឹតលុយរាស្ត្រអោយរាស្ត្រក្ដៅក្រហាយ ៕








