
កោះកុង៖ ក្រោយបែកគ្នា៥ខែ បុរសជាប្តី បានមកលេងផ្ទះ រួចសុំប្រពន្ធរួមដំណេកមិនបាន ក៏កើតអំពើហិង្សាទាំងយប់ ដោយប្តីយកកាំបិត ចាក់សម្លាប់ប្រពន្ធ រួចប៉ងចាក់សម្លាប់ខ្លួនឯង តាមក្រោយតែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនសង្ស័យជាប្តីឈ្មោះ វៀង យាំងដឹក ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម។ ចំណែកប្រពន្ធ ឈ្មោះ ង្វៀង ធឺងុកយាម ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាមដូចគ្នា មានកូនប្រុសម្នាក់អាយុ7ឆ្នាំ ទីលំនៅកន្លែងកើតហេតុ ។
អធិការរងស្រុកមណ្ឌលសីមា លោក ណាក់ នី បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះទើបមកពីភ្នំពេញ (ទៅភ្នំពេញ៥ខែមកហើយ) ពេលដល់ផ្ទះ ស្រាប់តែប្តីប្រពន្ធទាំងពីរ មានទំនាស់នឹងគ្នាក្នុងគ្រួសារ ដោយសារតែប្តីសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម រហូតដល់កើតអំពើហិង្សា ប្តីបានយកកាំបិតចិតបន្លែចុងស្រួច ចាក់ប្រពន្ធ១ កាំបិត ពីក្រោយចំខាងក្រោមស្លាបក្រចៀវខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែង រួចប្តីជាជនសង្ស័យប៉ងយកកាំបិតនោះ ចាក់ខ្លួនឯងក្នុងបំណងបញ្ចប់ជីវិត តែត្រូវបានអ្នកជិតខាងបានឃើញជួយយកមកសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេលវេលា។
ចំណែកជនសង្ស័យក៏មានរបួសស្នាម ដែលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត នគរបាលបានចាត់កំលាំងទៅយាមនៅទីនោះផងដែរ។
ក្រោយពីធ្វើកោសល្យវិច្ច័យទៅលើសាកសពរួចរាល់ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារប្តី យកកាំបិតចាក់ពិតប្រាកដមែន រួចហើយសមត្ថកិច្ច បានប្រគល់សាកសពទៅឲ្យសាច់ញ្ញាតិ តែដោយសារតែគ្រួសារខាងលើគ្មានសាច់ញាតិ ដូច្នេះសមត្ថកិច្ចក៏ត្រូវទទួលបន្ទុកយកសពជនរងគ្រោះជាប្រពន្ធទៅបូជា និងកសាងសំណុំរឿងបញ្ជូនជនល្មើសជាប្តីទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕






