
ថ្មីៗនេះតារាសម្ដែងកញ្ញា ខេខេ ទើបតែបានថត MV ជាមួយលោក ងួន ចាន់ដេវីត បានមួយបទ ហើយពេលបញ្ចប់ការងារនេះ កញ្ញាក៏បានបន្លិចសម្ដីថា នាងមានអនុស្សាវរីយមិនអាចបំភ្លេចបាន រហូតធ្វើឲ្យបេះដូងនាងទន់ជ្រាយទោរទន់មកលើតារាប្រុសរាងខ្ពស់ស្រឡះ។ ព័ត៌មាននេះមិនត្រឹមតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ទេ គឺថែមទាំងមានអ្នកខ្លះបានប្រាប់មក ខេខេ វិញថា កុំព្យាយាមធ្វើជាឆ្អឹងទទឹងក ទេព បូព្រឹក្ស ថែមទៀតផង។
ខេខេ បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube ថា "ចា៎ បងពេលខ្ញុំយករូបថតជាមួយបង វីត មកផុសក្នុងហ្វេសប៊ុកខ្ញុំ គឺមានអ្នកចូល Comment ជាច្រើនថា កុំចេះតែហ៊ានធ្វើជាឆ្អឹងទទឹងក កញ្ញា ទេព បូព្រឹក្ស ប្រយ័ត្ន ពេទ បូព្រឹក្ស វ៉ៃ " ។ ខេខេ បន្តថា គ្រាន់តែផុសភ្លាមមិនទាន់បានប៉ុន្មាននាទីផង ក៏មានអ្នកចូល Comment មកជាច្រើនក្នុងន័យមិនឲ្យនាងទៅស្និទ្ធស្នាលជាមួយលោក ដេវីត ឡើយ ហើយការ Comment ទាំងនោះនាងក៏បានលុបចោលអស់វិញហើយ ព្រោះខ្លាចកើតរឿងឡើង។

ខេខេ បន្តថា ការដែលនាងចង់បញ្ជាក់រឿងនេះ គឺគ្រាន់តែចង់បង្ហាញច្បាស់ថា នាងមិនមានទំនាក់ទំនងអ្វីជាមួយលោក ដេវីត ឡើយ ក្រៅពីស្គាល់គ្នាក្នុងនាមជាអ្នកសិល្បៈធ្លាប់ធ្វើការជាមួយគ្នាតែប៉ុណ្ណឹង គ្មានអ្វីពិសេសលើសនេះទេ ព្រោះនាងក៏មិនចង់ឲ្យអ្នកផ្សេងយល់ច្រឡំមកលើរឿងនេះទេ៕

