
រដ្ឋមន្ត្រីការទូតរុស្ស៊ីលោក Sergey Lavrov បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ក្នុងកិច្ចប្រជុំសន្តិសុខតំបន់អាស៊ាន ដែលរៀបចំឡើងក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ខណៈដែលមហាអំណាចទាំងពីរ កំពុងមានភាពតានតឹងផ្នែកការទូត និងទណ្ឌកម្មបន្ថែមលើរុស្ស៊ីនាពេលថ្មីៗនេះ។ បើយោងតាមសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧។
ជំនួបរវាងមន្ត្រីជាន់ខ្ពស់ទាំងពីរអាចនិយាយបានថា គឺជាជំនួបទល់មុខលើកដំបូងបំផុត ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រាន់តែបញ្ជាក់ថា លោក Tillerson បានពិភាក្សាគ្នាលើបញ្ហា ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ សេតវិមាន បានសម្ដែងការសាទរដល់ កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី ដែលជួយជំរុញទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អនុម័តឡើង ជាការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ជាលើកទីពីររបស់ខ្លួន កាលពីខែមុននេះ៕

