
មួយរយៈនេះទោះបីជាតារាចម្រៀងលោក នៅ ស៊ីនឿន មិនសូវមានបទចម្រៀងចេញច្រើននៅលើទីផ្សារ ប៉ុន្តែទឹកដមសំឡេងរបស់លោក នៅតែដក់ជាប់ក្នុងបេះដូងទស្សនិកជន ដែលមានអ្នកគាំទ្រជាច្រើនតែង រង់ចាំស្ដាប់ និងទស្សនាបទថ្មីៗរបស់លោក។ ពេលនេះខណៈ នៅ ស៊ីនឿន ប៉ះជាមួយតារាចំណូលថ្មី សុខ ស្រីនាង លោកបានប្រាប់ថា "ខ្ញុំពិតជាមានទំនុកចិត្តខ្លាំង ពេលដែលផលិតកម្មរៀបចំឲ្យលោកប៉ះគ្នា ព្រោះបទយើងមានអ្នកគាំទ្រច្រើន ។
នៅ ស៊ីនឿន បានបញ្ជាក់ថា ពេល សុខ ស្រីនាង ចូលមក ហង្សមាស បានរយៈពេលជាងបីខែ លោកមានបទចម្រៀងច្រៀងរួមគ្នា មួយបទមកហើយ គឺបទ "សន្យាក្រោមមេឃ" ហើយបទនេះក៏ត្រៀមចេញ MV ក្នុងពេលឆាប់ៗផងដែរ ពោលគឺ MVបានថត និងកាត់តចប់រួចរាល់ហើយ រង់ចាំតែថ្ងៃបញ្ជូនទៅលើទីផ្សារតែប៉ុណ្ណោះ។ លោកបន្តថា បទចម្រៀងថ្មីមួយនេះទទួលបានការគាំទ្រច្រើន ហើយក៏មានអ្នករង់ចាំទស្សនា MV ច្រើនផងដែរ ដូច្នេះហើយធ្វើឲ្យលោកកាន់តែរំពឹងការងារសិល្បៈនឹងបានប្រសើរឡើង។

តារារូបនេះបន្តថា ការប៉ះគ្នាជាមួយ សុខ ស្រីនាង មានអ្នកចូលComment សរសើរថា យើងទាំងពីរសមគ្នា ទាំងសំឡេង និងរូបសម្បត្តិ ដូច្នេះហើយពេលMV បទខាងលើចេញទៅដល់ទីផ្សារ លោកជឿថា នឹងមានអ្នកគាំទ្រកាន់តែច្រើន ដែលជួយបទនេះកាន់តែល្បីក្នុងស្រទាប់យុវវ័យជាមិនខាន៕
