
មុននេះបន្តិច កម្លាំងកងរាជអាវុហត្ថរាជធានីភ្នំពេញបាននាំជនសង្ស័យដែលបានសម្លាប់នារីរងគ្រោះនៅក្នុងផ្ទះសំណាក់មុនីកាទៅធ្វេីសកម្មភាពត្រាប់ឡេីងវិញនៅកន្លែងកើតហេតុតែម្តង បន្ទាប់ពីឃាតកសម្លាប់ នារីជាសង្សារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ រួចរត់ទៅលាក់ខ្លួននៅឯខេត្តកំពត ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានពីម្សិលមិញ ហើយមូលហេតុដែលនាំឲ្យខ្លួនសម្លាប់ព្រោះសង្សារប្រាប់ថាជិតរៀបការ ទើបខ្លួនខឹងពេក ច្របាច់ កសម្លាប់។

សូមជម្រាបជូនថា៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវបានអ្នកបោសសំអាតផ្ទះសំណាក់មុនីកា ប្រទះឃើញដេកស្លាប់ ដោយសង្ស័យដេកជាមួយមិត្តប្រុស ហើយរឹត.ក សម្លាប់ប្លន់យកម៉ូតូ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះលេខ253J ផ្លូវលេខ460 ក្រុមទី22 ភូមិ4 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
សពនារីរងគ្រោះដែលត្រូវគេរឹត.ក សម្លាប់ សង្ស័យប្លន់យកម៉ូតូខាងលើនេះមានឈ្មោះ អី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ និងមានឪពុកឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មានមុខរបរជា នាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន ហើយ ម្ដាយឈ្មោះ ហៀង សុខ លី អាយុជាង៥០ឆ្នាំមានមុខរបរកាត់ដេរខោអាវនៅផ្ទះ ដែលឪពុកម្ដាយនារីរងគ្រោះខាងលើស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីឪពុកនារីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុប្រហែលម៉ោង៩ព្រឹក ម្ដាយនារីរងគ្រោះបានប្រើនាងឲ្យទៅដូរលុយ40$ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាសុីនខូច ដោយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាមួយ ។ ហើយឪពុកនារីគ្រោះបានប្រាប់បន្តថា ក្រោយពីរូបនាងចេញទៅ គឺបាត់ឈឹងរហូតតែម្ដង រហូតដល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ ទើបរូបគាត់ត្រូវជាឪពុកជនរងគ្រោះបានខលទៅនារីរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចលើកទូរសព្ទ ហើយប្រាប់ថា នារីគ្រោះត្រូវបានគេរឹតក សម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មុនីកា តាមបណ្ដោយផ្លូវលេខ460 ក្រុមទី22 ភូមិ4 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើបានបង្ហើបប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ហើយក្រោយមកក៏នារីរងគ្រោះខាងលើបានជិះម៉ូតូមកតាមក្រោយចូលទៅក្នុងបន្ទាប់តែមួយ ។ បន្ទាប់ក្រោយមក នៅរសៀលថ្ងៃកើតហេតុដដែល បុរសម្នាក់ដែលស្នាក់នៅជាមួយនារីរងគ្រោះខាងលើ បានចុះមកហើយកាន់សោរម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច ដោយម្ចាស់ផ្ទះសំណាក់មុនីកា នឹកស្មានថា ពួកគេជាសង្សារ មនុស្សស្គាល់គ្នាទើបមិនសួរដេញដោលអីច្រើន ក៏ព្រមឲ្យបុរសរូបនោះចេញទៅតែម្ដង រហូតបុរសរូបនោះចេញទៅបាត់មិនឃើញត្រឡប់មកវិញ ។
ប្រភពដដែលបានបន្តថា បន្ទាប់ក្រោយមក ក៏មានអ្នកសំអាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទាប់ចំហរចោល ក៏បានហៅសួរ តែពេលនោះនារីរងគ្រោះមិនក្រោក ធ្វើឲ្យអ្នកសំអាតផ្ទះសំណាក់ចូលទៅដាស់ តែពេលនោះនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយៗអ្នកសំអាតផ្ទះសំណាក់ខាងលើ ក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះសំណាក់ ហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។
បើតាមសម្ដីពីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបប្រាប់ឲ្យដឹងថា ក្នុងករណីខាងលើនេះគឺ មិត្តប្រុសនារីរងគ្រោះ លួងលោមរួមរ័ក្សមេត្រីជាមួយគ្នា ហើយរឹត ក សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះនៅក្នុងបន្ទប់កើតហេតុ គេសង្កេតឃើញមានស្រោមអនាម័យដែលប្រើប្រាស់ហើយចំនួន២ និងបានបាត់ម៉ូតូនារីរងគ្រោះរួមទាំងលុយដែលម្ដាយនារីរងគ្រោះឲ្យយកទៅដូរផងដែរ តែបើតាមសម្ដីឪពុកនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានគូរដណ្ដឹងរួចទៅហើយ និងជិតរៀបការនៅខែ១២ខាងមុខនេះផងដែរ ។
ក្រោយពេលកើតហេតុ សពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


