Sponsor
Pisey

ភ្នំពេញ​៖ លោក​ ញិក​ ប៊ុន​ឆៃ​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ ខែ​សីហា​នេះ​ ។​ បន្ទាប់​ពី​លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​សាកសួរ នៅ​ម៉ោង​០៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ សីហា ២០១៧​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លី​ប​ម៉េ​ង បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះអាសន្ន ក្រោយ​ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស រួម​មាន​បទល្មើស​សមគំនិត និង​នាំ​ចូល​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ លោក​ ញិក​ ប៊ុន​ឆៃ​ អាយុ​៥៩ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន​ និង​ បទ​នាំ​ចូល​សារធាតុ​ញៀន​សម្រាប់​ផ្សំ​គ្រឿងញៀន​ តាម​មាត្រា​២៩នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​៣៨.១ថ្មី​ ចំណុច​ទី​៤​ និង​ មាត្រា​៣២.១ថ្មី​ ចំណុច​៤-ង​ នៃ​ច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ឆ្នាំ​២០០៥​ ។

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ឈ្មោះ ជា ជុង ដែល​បាន​បរិហារ​រៀបរាប់​ឈ្មោះ​មេ​ក្លោ​ង​ផលិត​គ្រឿងញៀន​ជា​ជនជាតិ​ចិន​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​មាន​ចំណុច​ពាក់ព័ន្ធ​ដល់​ឈ្មោះ ញឹក ប៊ុ​ន​ឆៃ នៅ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏​ធំ​មួយ​កាលពី​ឆ្នាំ​២០០៧​ ។​

កាលពី​ថ្ងៃ​ទី០១ មេ​សា​ ឆ្នាំ​២០០៧ សមត្ថកិច្ច​បាន​ឆែកឆេរ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រក​ឃើញ​នូវ​ឧបករណ៍​ផលិត​គ្រឿងញៀន ​និង​សារធាតុ​ញៀន ព្រមទាំង​បាន​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ខ្មែរ ជនជាតិ​ចិន ជនជាតិ​ថៃ នៅ​ទីតាំង​ខាងលើ​ ។​

សូម​បញ្ជាក់​ថា លោក ញឹក ប៊ុ​ន​ឆៃ អតីត​អនុប្រធាន​ទី​២​ព្រឹ​ទ្ឋ​សភា ទីប្រឹក្សា​រាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ផ្កាយ​មាស​៤ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែសីហា ពាក់​ព័​ន្ឋ​នឹង​ការ​ផលិត​គ្រឿងញៀន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​១០​ឆ្នាំ​មុន ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor