សមាជិកជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ឲ្យដឹងថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់អាមេរិក អាចនឹងប្រឆាំងកម្មវិធីមីស៊ីលនុយក្លេអ៊ែរកូរ៉េខាងជើងបាន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
កាលពីដើមសប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិក បានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗ ទៅលើចិន និងរុស្ស៊ី ដែលជួយផ្ដល់មូលនិធិ និងសម្របសម្រួលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សមាជិកជាន់ខ្ពស់របស់ក្រុមប្រឹក្សាអាត្លង់ទិចលោក Robert Manning បានលើកឡើងថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតនឹងគ្មានប្រសិទ្ធភាពទេ ពីព្រោះវិធានការមុនៗ មានកម្រិតស្រាលទៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងការកាត់ផ្ដាច់ប្រភពរូបិយប័ណ្ណផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវម្ដងហើយម្ដងទៀតឲ្យចិនដាក់សម្ពាធបន្ថែមទៀតទៅលើកូរ៉េខាងជើង និងកាត់ផ្ដាច់ខ្សែចំណូលសំខាន់ៗសម្រាប់សេដ្ឋកិច្ចកូរ៉េខាងជើង ខណៈដែលវាស្មើនឹង ៨៥ភាគរយនៃការនាំចូលរបស់ទីក្រុងព្យុងយ៉ាង៕

