សារព័ត៌មានរុស្ស៊ី (Sputnik) បានចុះផ្សាយឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក Tu-95MS ត្រូវអនុវត្តការហោះហើរជាប្រចាំលើដែនសមុទ្រជប៉ុន និងចិនខាងកើត។
ក្រសួងការពារជាតិ បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការហោះហើររបស់យន្តហោះ Tu-95MS ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងរុស្ស៊ី Su-35S ព្រមទាំងកងកម្លាំងអាកាសកូរ៉េ និងកងកម្លាំងស្វ័យការពារជប៉ុនផងដែរ។យន្តហោះ Tu-95MS បានចូលរួមក្នុងយុទ្ធនាការតាមអាកាសនៅក្នុងប្រទេសស៊ីរី ដែលបានចាប់ផ្ដើមធ្វើការប្រឆាំងនឹងក្រុមភេរវកម្ម ដែលប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ាផងដែរ។
គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំងរុស្ស៊ី បានធ្វើការហោះហើរជាទៀងទាត់លើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រអាត្លង់ទិច សមុទ្រខ្មៅ និងប៉ាស៊ីហ្វិក រាល់ការហោះហើរ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិទាក់ទងនឹងការប្រើដែនអាកាស ដោយមិនរំលោភលើព្រំដែននៃរដ្ឋដទៃទេ៕

