យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ត្រូវបញ្ជូនឲ្យចូលរួមធ្វើសមយុទ្ធដ៏ធំមួយនៅអាស៊ីបូព៌ា ដែលបង្កឲ្យមានការភ័យខ្លាចនៅក្នុងតំបន់ និងមានភាពស្រពេចស្រពិលដោយសារតែភាពវឹកវររបស់កូរ៉េខាងជើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tupolev-95MS ដែលមានសមត្ថភាពអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ បានហោះហើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រជប៉ុន សមុទ្រលឿង និងសមុទ្រចិនខាងកើត អមដំណើរដោយយន្តហោះចម្បាំង Sukhoi-35S ដើម្បីធ្វើសមយុទ្ធយោធាដ៏ធំប្រចាំឆ្នាំ។
វិមានក្រឹមឡាំង មិនបានផ្ដល់ព័ត៌មានលម្អិតស្ដីអំពីចំនួនសរុបនៃយន្តហោះ ដែលត្រូវចូលរួមនៅក្នុងសមយុទ្ធនេះ ដែលរៀបចំទុកជាមុននៅឡើយទេ។ ប្រទេសរុស្ស៊ី បាននិយាយម្ដងហើយម្ដងទៀត អំពីការព្រួយបារម្ភការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដែលបណ្ដាលមកពីកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះយន្តហោះអង្គការ ណាតូ ត្រូវបានយន្តហោះរុស្ស៊ី បានស្ទាក់ចាប់ និងរារាំង ដែលហោះហើររំលោភលើដែនអាកាសប្រទេសហ្វាំងឡង់ និងឆ្លងកាត់ទ្វីបអឺរ៉ុប ដោយចៃដន្យ៕

