ភ្នំពេញ ៖ ពិតជាត្រេកអរណាស់! ទារិកាអភ័ព្វដែលមានកើតមកមានភ្នែកឡើងបាយ ពេលនេះវាសនាដ៏កម្សត់របស់នាង នឹងអាចមើលឃើញពិភពលោកមួយនេះឡើងវិញ ក្នុងពេលឆាប់នេះហើយ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីអ្នកឧកញ៉ា ហុង ពីវ ។
យោងតាមការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ឧកញ៉ា ហុង ពីវ បានឲ្យដឹងថា ៖សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបន់ស្រន់ជូនមុីមុី!!! មុីមុីបានត្រឡប់មកពីប្រទេសសិង្ហបុរីវិញហើយ បន្ទាប់ពីទទួលការវះកាត់ភ្នែកខាងស្តាំរួចរាល់ និង មានការធូរស្បើយ។ យើងទាំងអស់គ្នាមានក្តីរំភើប និង ត្រេកអរដែលលឺវេជ្ជបណ្ឌិតនិយាយថា នៅខែក្រោយអាចធ្វើការវះកាត់ភ្នែកខាងឆ្វេង ហើយនឹងអាចមើលឃើញក្នុងពេលឆាប់ៗនេះ។
សារកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧
សួស្តីបងប្អូនទាំងអស់គ្នា នៅចាំ មុីមុីបានអត់??? មុីមុី បានទទួលការវះកាត់ដូរកពា្ចក់ភ្នែកម្ខាង ពីពេទ្យជំនាញ នៅប្រទេសសិង្ហបុរីរួចរាល់ហើយសូមបងប្អូនទាំងអស់គ្នាជួយបួងសួង និង ជូនពរ មុីមុី អោយឆាប់ជា និង មើលឃើញក្នុងពេលឆាប់ៗនេះ។
លោកឧកញ៉ា ហុង ពីវ បាននាំទារិកាម៉ីម៉ី ទៅប្រទេសសិង្ហបុរី ដើម្បីជួបគ្រូពេទ្យជំនាញនៅទីនោះ ដើម្បីធ្វើការពិនិត្យជាមួយ ក្រុមគ្រូពេទ្យជំនាញ ។
គេនៅចាំបានថា កាលពីព្រឹកម្សិលមិញថ្ងៃទី០៩ តុលា ២០១៦ លោកសាវីន ហ្វីលីព បានបង្ហោះសារមួយនៅលើគណនីផ្ទាល់ខ្លួនថា ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន, ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ, សូមលោកអាណិតមេត្តាជួយបរិច្ចាគថវិការសង្គ្រោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង, នាងមានឈ្មោះ ធឿន មីមី មានអាយុ2ខែ ជាកូនទី2 ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។ ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអំពាវនាវដល់សប្បុរសជន មេត្តារួមគ្នាជួយសង្គ្រោះទារិកាកំសត់នេះអោយមើលឃើញពិភពលោកនេះផង គេគេឃើញមានការចែករំលែកបន្តៗគ្នាជាច្រើន ហើយលទ្ធផលនៃការចែករំលែក បានជួយយឹតយោង ជោគវាសនាទារិការូបនេះឲ្យចាកផុតពីភាពពិការអស់មួយជីវិត ។

កន្លងមកឧកញ៉ា ហុង ធ្លាប់បាននិយាយថា កុំថាឡើយ១,៥០០ដុល្លារ សម្រាប់ព្យាបាលទារិកាម៉ីម៉ី ទោះ២ម៉ឺនដុល្លារ ឬច្រើនជាងនេះក៏លោកហ៊ានចំណាយដែរ តែសំខាន់គឺស្ថិតនៅលើវាសនារបស់ម៉ីម៉ីផ្ទាល់ ។ ទោះបីជាយ៉ាងណាក៏ដោយយើងសង្ឃឹមថា ទារិកាម៉ីម៉ី នឹងបានជាសះស្បើយមិនខាន ហើយយើងក៏សូមបួងសួងសម្រាប់ប្អូនផងដែរ ៕











