យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1 ចំនួន ២គ្រឿង និងយន្តហោះ B-52 មួយគ្រឿង បានមកដល់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ សម្រាប់ព្រឹត្តិការណ៍សមយុទ្ធប្រចាំឆ្នាំ ខណៈពេលដែលរុស្ស៊ីនឹងធ្វើលំហាត់ប្រាណយោធា។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
អង្គការណាតូ បានប្រាប់ឲ្យដឹងថា យន្តហោះ និងឧទ្ធម្ភាគចក្រគ្មានមនុស្សបើកសរុប ៣០គ្រឿង ដែលមកពីសម្ព័ន្ធមិត្តចំនួន ៨ប្រទេស ដើម្បីចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ពិត Ample Strike 2017 ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញានេះ។ យន្តហោះទម្លាក់គ្រាប់បែក B-1sមកពីកងពលលេខ 7th មូលដ្ឋានទ័ពអាកាស Dyess រដ្ឋ Texas និងB-52 ពីកងពលលេខ 307th បញ្ជាការកងទ័ពអាកាសកណ្ដាល Barksdale រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលត្រូវចុះចតនៅមូលដ្ឋានអាកាស Fairford ស្រុក Gloucestershire ប្រទេសអង់គ្លេស។
បញ្ជាការដ្ឋានអាមេរិកនៅអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍ថា សមយុទ្ធនេះ ផ្ដោតលើការហ្វឹកហ្វឺនអាកាសចរណ៍ និងការធ្វើសមាហរណកម្ម ព្រមទាំងពង្រឹងការធ្វើអន្តរប្រតិបត្តិការរវាងសម្ព័ន្ធមិត្តណាតូ និងប្រទេសជាដៃគូផងដែរ។
យោធារុស្ស៊ីនឹងធ្វើលំហាត់ប្រាណ Zapad រយៈពេល ៤ឆ្នាំម្ដង ធ្វើឲ្យលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវាប្រហាក់ប្រហែលនឹងការលុកលុយប្រទេសជិតខាង និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅខែមិថុនាកន្លងទៅនេះ កងទ័ពអាកាសអាម៉េរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 និងអាកាសយានិកចំនួន ៨០០នាក់ ក្នុងការគាំទ្រសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូ បានធ្វើឡើងនៅទូទាំងទ្វីបអឺរ៉ុប៕

