
រាជធានីភ្នំពេញ៖ ក្រុមអ្នកជំនាញខ្មែរនិងបរទេសបានរកឃើញថា ថនិកសត្វមានមាឌធំចំនួន៣០ប្រភេទ កំពុងតែមានវត្តមាន រស់នៅក្នុងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អ្នកជំនាញមកពីសាកល វិទ្យាល័យក្យូតូ ប្រទេសជប៉ុន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
តាមការឲ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅមុននេះបន្តិចថា ជីវចម្រុះថតជាប់នៅក្នុងម៉ាស៊ីនថតរូបស្វ័យប្រវត្តិ បង្ហាញថា ដែនជម្រក សត្វព្រៃឆែបដែលជាផ្នែកមួយនៃបណ្តុំព្រៃល្បោះធំជាងគេ និងតភ្ជាប់គ្នា នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិរក្សប្រភេទថនិកសត្វទាំងអស់នេះ។
អង្គការ WCS ឲ្យដឹងទៀតថា ខ្លួនក៏កំពុងតែធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ ដើម្បីថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងចាប់តាំងពីឆ្នាំ១៩៩៩មក និងទទួលបានជោគជ័យក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើ ការការពារសត្វព្រៃ និងការលើកស្ទួយជីវភាពរស់ នៅរបស់សហគមន៍។ រូបភាព៖ WCS