ពេជ្រ សោភា ទើបតែបើករបរលក់ជ្រក់ជើងមាន់មានរយៈជាង៣ខែមកទេ ហើយរបរនេះក៏កំពុងកាក់កបខ្លាំងផងដែរ ។ ស្រាប់តែពេលនេះនាងបានបង្កើតការងាររកលុយបន្ថែមគឺបើកហាងលក់សំលៀកបំពាក់ ស្បែកជើង នាឡិកា និងគ្រឿងផ្សេងៗទៀតនៅថ្ងៃម្សិលមិញ ដែលមានឈ្មោះថា "លក់ឥវ៉ាន់ Copy” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ពិសេសយុវវ័យ។
ផ្ដល់បទសម្ភាសន៍ជាមួយលោក តាន់ ចន្ថា តាមទូរស័ព្ទប៉ុន្មាននាទីមុននេះ ពេជ្រ សាភា បានបញ្ជាក់ថា នាងទើបតែបើកលក់សំលៀកបំពាក់ ស្បែកជើង នាឡិកា និងគ្រឿងផ្សេងៗនៅថ្ងៃម្សិលមិញទេ ហើយឈ្មោះនាងបានដាក់ប្លែកពីគេ អ្នកណាបានឮក៏សើចដែរ គឺឈ្មោះ "ហាងលក់ឥវ៉ាន់ Copy" ដែលមានទីតាំង គឺស្ថិតនៅជិតហាងកាត់ដេរ ប៉ារ៉ាឌី ទួលទំពូង តែពេលនេះធ្វើមិនទាន់រួចរាល់ គឺនាងលក់ អនឡាញ សិន ហើយក៏កំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ។
ពេជ្រ សោភា បន្តថា ហាងរបស់នាងឈ្មោះ "លក់របស់ Copy” មែន តែសេវាកម្មគឺនាងមានលក់តាមតម្រូវការកុម្ម៉ង់ទិញពីអតិថិជន ។ មានន័យថា បើអ្នកគាំទ្រកុម្ម៉ង់ទិញសម្ភារ Brand កំពូលៗ ដូចជានាឡិកាមួយគ្រឿងតម្លៃដល់មួយម៉ឺនដុល្លារ ក៏នាងមាននាំចូលមកដែរ។ ជាមួយគ្នានេះដែរ Kqube ក៏បានសុំឲ្យ ពេជ្រសោភា បញ្ជាក់ពីទុនដែលបានបោះធ្វើជំនួញថ្មីឲ្យទស្សនិកជនបានដឹង ប៉ុន្តែតារាកំពុងល្បីរូបនេះសុំមិនទាន់ប្រាប់ទេ ព្រោះហាងរបស់នាងមិនទាន់រៀបចំរួចរាល់។
ទោះយ៉ាងណាការបង្ហាញមុខជំនួញពីរក្នុងរយៈពេលតែជាង៣ខែរបស់ ពេជ្រ សោភា ចាត់ទុកបានថា នេះជាភាពជោគជ័យគួរឲ្យកត់សម្គាល់ ចំពោះការខិតខំរបស់នាងទាំងអាជីពចម្រៀង ក៏ដូចជាការធ្វើជំនួញ៕

