
(កណ្តាល)៖ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក អំពីការចាប់ខ្លួន រហូតដល់តុលាការសម្រេចចេញដីកាឃុំខ្លួន ស្រ្តីលក់ឡេលាបស្បែកតាម Online ឆេង ស្រីរ័ត្ន ហៅ «Love Riya» ដាក់ពន្ធនាគារនោះ នៅទីបំផុត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែងស្រ្តីរូបនេះហើយ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
នេះបើតាមប្រធានសាលាដំបូងខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះ។
ហើយលោក បានបញ្ជាក់ថា «យើងបានចេញដីកាឲ្យគាត់នៅក្រៅឃុំហើយ តែនីតិវិធីបន្ត គឺនៅខាងពន្ធនាគារ»។
គួររម្លឹងផងដែរថា នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក សាយ សម្ផស្សសេរី បានសម្រេចបញ្ជូននារីលក់ឡេលាបស្បែកតាម Facebook ឈ្មោះ Love Riya និងមានឈ្មោះពិត ឆេង ស្រីរ័ត្ន ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្ន ក្រោយសមត្ថកិច្ចប្រឆាំងផលិតផលក្លែងក្លាយបានចុះបង្ក្រាបផ្ទះនាង ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ដោយដកហូតបានវត្ថុតាម គ្រឿងសម្អាង ១,៣៧០គីឡូក្រាម៕












