
ពោធិ៍សាត់ៈ ក្មេងស្រីវ័យជំនង់ម្នាក់ បានរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈរបួសធ្ងន់ធ្ងរពេក បន្ទាប់ពីក្មេងស្រីរងគ្រោះជិះកង់ ស្រាប់តែត្រូវម៉ូតូមួយគ្រឿងបោលបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BT-4246 បើកបរដោយឈ្មោះ គន ភារៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុ បានជិះមកបុកជាមួយក្មេងស្រីជិះកង់ឈ្មោះ លោង ដាលីន អាយុ១៣ឆ្នាំ រស់នៅភូមិកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ហើយត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ តែកុសលក្មេងស្រីរងគ្រោះបានបង់ជីវិត ព្រោះរបួសធ្ងន់ធ្ងរពេក។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែង ដោយបាននាំយកម៉ូតូ និងកង់ មករក្សាទុកនៅប៉ុស្តិ៍ស្នាមព្រះ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕




