header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងបរិស្ថាន នៅមុននេះបន្តិច បានចេញមុខបំភ្លឺចំពោះការសម្រេចផ្លាស់ប្ដូរឈ្មោះរបស់តំបន់ឧទ្យានជាតិប្រវត្តិសាស្ត្រនៅខេត្តកំពត ទៅជាឈ្មោះឯកជនកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា ឈ្មោះប្រវត្តិសាស្ត្ររបស់តំបន់រមណីយដ្ឋាន ភ្នំបូកគោ មិនត្រូវបានផ្លាស់ប្ដូរឡើយ ដោយត្រូវរក្សានូវឈ្មោះប្រវត្តិសាស្ត្ររបស់ខ្លួនដូចដើម។

ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្ដីបំភ្លឺថា "រមណីយដ្ឋានភ្នំបូកគោ ដែលមានទីតាំងស្ថិតនៅក្នុង «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» នៅតែរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ខ្លួនដដែល ដោយមិនមានការផ្លាស់ប្ដូរទៅឈ្មោះផ្សេងឡើយ"

បើតាមក្រសួងមួយនេះ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត ព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាសរុបចំនួន១៥៤៤៥៨ហិកតា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ហើយក្រសួងបរិស្ថាន មានតួនាទីគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងឧទ្យានជាតិនេះឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់តទៅមុខទៀត។

ការចេញមុខបំភ្លឺរបស់ក្រសួងបរិស្ថាន នៅពេលនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីចំណាត់ការយ៉ាងបន្ទាន់មួយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញានេះ បញ្ជាឲ្យអភិបាលខេត្តកំពត ចុះទៅដកចេញនូវស្លាកសញ្ញាឈ្មោះថ្មី ដែលសម្ដេចតេជោ ហ៊ុន សែន បានហៅថា «ជាស្លាកសញ្ញាអត់ច្បាប់»។

តំបន់រមណីយដ្ឋាន ភ្នំបូកគោ ដែលលោកឧកញ៉ា សុខ គង់ ទទួលសិទ្ធិវិនិយោគរយៈពេល៩៩ឆ្នាំនោះ ត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ាម្ចាស់សណ្ឋាគារ សុខា និងក្រុមហ៊ុនប្រេងដ៏ធំនៅកម្ពុជា រូបនេះ ប្ដូរទៅជាឈ្មោះ រមណីយដ្ឋាន សុខា ឋានសួគ៌ ហើយធ្វើឲ្យមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានរហូតដល់នាយករដ្ឋមន្ត្រីតែម្ដង។

"សូមអរគុណបងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេង​ ដែលរាជរដ្ឋាភិបាល​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបាន​បញ្ជាឲ្យអភិបាលខេត្តកំពត​ ទៅដកហូតចេញនូវស្លាកសញ្ញាអត់ច្បាប់ ចេញឲ្យបានមុនម៉ោង​១១ថ្ងៃនេះ។​ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត​"។ ប្រតិកម្ម និងចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បែបណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តកំពត បាន និងកំពុងធ្វើការរុះរើស្លាកសញ្ញាឈ្មោះថ្មីនេះចេញ តាមបញ្ជាយ៉ាងបន្ទាន់របស់ប្រមុខដឹកនាំកម្ពុជាហើយដែរ។

សូមបញ្ជាក់ថា​ រមណីយដ្ឋានភ្នំបូកគោ មានកម្ពស់១០៧៥​ម៉ែត្រ ស្ថិត​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្ត​កំពត និងមានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឧទ្យាន​ជាតិ ​ភ្នំបូកគោ ត្រូវ​បានរកឃើញដោយជនជាតិបារាំងឈ្មោះ រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ​មាន​សំណង់​អគារ​សាធារណៈ​ជា​ច្រើន ​ប្រៀប​ដូច​ជាទី​ក្រុងមួយ​ដែរ។

រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជា លើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះ​ពពក​វិល, ថ្ម​មុខ​យក្ស​ ឬអ្នកថែរក្សាព្រៃ, បឹង​លើ​ភ្នំ, វត្ត​សំពៅ​ប្រាំ, ព្រះវិហារ​កាតូលិក​ចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់​ស្លា​ខ្មៅ, ដំណាក់​ព្រះបាទ​មុនីវង្ស ឬ​ដំណាក់​ស្តេច, វាលស្រែ៥០០ និងកន្លែង​សមាធិ។

ក្រុមហ៊ុនសុខា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨ រយៈពេល៩៩ឆ្នាំ។ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមួយនេះ យ៉ាងច្រើនដូចជា ការសាងសង់ផ្លូវ សាងសង់សណ្ឋាគារ និងសំណង់ផ្សេងៗ ដើម្បីធ្វើឲ្យតំបន់រមណីយដ្ឋានកាន់តែមានការទាក់ទាញបន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post