Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​កើតមានរឿងដ៏រំជើបរំជួលថ្មីមួយទៀតហើយ ដែលប៉ូលិសជំនាញបាន និងកំពុងប្រតិបត្តិការតាមរកជនពាក់ព័ន្ធ បន្ទាប់ពីមានករណីប្រទះឃើញគ្រាប់បែកបង្កៃនៅក្នុងមន្ទីពេទ្យជោរ៉ៃ របស់វៀតណាម​ កាលពីយប់ថ្ងៃភ្ជុំធំ នៅថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៧កន្លងទៅ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បានប្រាប់ CAM POST ថា "​ស្ទើរតែពេញមួយយប់ទៅហើយ ដែលប៉ូលិសមិនបានសម្រាកក៏ព្រោះតែតាមប្រម៉ាញ់​ឧក្រិដ្ឋជនដែលដាក់បង្កៃគ្រាប់បែកនៅក្នុងបរិវេណ​មន្ទីរពេទ្យជោរ៉ៃ​ ក្រុងភ្នំពេញ ពីព្រោះជារឿងសន្តិសុខជាតិ​ ហើយពេលនេះ​ កំពុងតាមប្រមាញ់អ្នកពាក់ព័ន្ធ"

បែបណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ជនសង្ស័យជាម្ចាស់គ្រាប់បែកលាក់ក្រោមកែបម៉ូតូ យកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូ នៅក្នុងមន្ទីរពេទ្យជោរ៉ៃ ត្រូវសមត្ថកិច្ចបញ្ជូនទៅដល់តុលាការក្រុងភ្នំពេញហើយ ដើម្បីធ្វើការសាកសួរ។ សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ខាំ ផារី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការនេះ មានឈ្មោះ ឡូ ប៉ិចដារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអូបា មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះករណីនេះដែរ ត្រូវបានអ្នកនាំពាក្យនគរបាលជាតិ​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ច្រានចោល​ ថា​ជាករណីបង្កៃគ្រាប់បែក​ ដោយលោកចាត់ទុកថា ជាករណីកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់ប៉ុណ្ណោះ។

លោក​ គៀត ច័ន្ទថារិទ្ធ បញ្ជាក់កាលពីថ្ងៃទី២១ ខែកញ្ញាថា តាមការស្រាវជ្រាវជំហានដំបូង មុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែកទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្តុំត្រែងត្រយឹង កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ អ៊ីចឹងម្ចាស់ម៉ូតូបានដាក់គ្រាប់បែកនៅក្នុងឃ្លុបម៉ូតូស្កុបពី ហើយដោយសារប្រញ៉ាប់ចូលទៅមើលឪពុកពេលដែលយកម៉ូតូទៅផ្ញើក៏មិនបានដកសោម៉ូតូ អញ្ចឹងហើយសន្តិសុខដែលយាមការពារនៅមន្ទីរពេទ្យ បានយកសោម៉ូតូទៅចាក់បើកឃ្លុបម៉ូតូ ដើម្បីឆែកមើលក្រែងលមានអីវ៉ាន់។ ពេលនោះក៏ឃើញមានថង់មួយ រួចក៏យកថង់ហ្នឹងក្នុងចេតនាចង់យករបស់គេ។ បន្ទាប់ពីយកថង់នោះចេញឆ្ងាយពីម៉ូតូរួចមក ក៏ឆែកទៅឃើញគ្រាប់បែក ក៏ភ័យរួចក៏យកទៅទម្លាក់នៅក្បែរម៉ូតូវិញ ហើយក៏ស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើលឆោឡោឡើង បន្ទាប់មកសមត្ថកិច្ចក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក។

សមត្ថកិច្ចបានប្រាប់ថា​ មនុស្ស២នាក់ ត្រូវប៉ូលិសហៅយកទៅសួរនាំភ្លាមៗ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ​ ដោយមានម្នាក់ជាអ្នកយាមម៉ូតូ និងម្នាក់ទៀត ជាម្ចាស់​ម៉ូតូ។

គួរជម្រាបថា នៅម៉ោងប្រមាណជាង១០យប់​ ថ្ងៃទី២០កញ្ញា​ ២០១៧នេះ​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅឆ្ងាយមិនប៉ុន្មានពីគល់ស្ពានច្បារអំពៅ​ ស្ថិតក្នុងបរិវេណ​មន្ទីរពេទ្យជោរ៉ៃ​ របស់ប្រទេសវៀតណាម តាមបណ្តោយផ្លូវជាតិលេខ១​ ភូមិ​បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

តាមសេចក្តីរាយការណ៍ដដែល​ មុនដំបូងឡើយ គឺសន្តិ​សុខ​យាម​ម៉ូតូមន្ទីរពេទ្យជោរ៉ៃ​ បាន​ប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅ រុំស្គុត​សពីក្រៅ នៅក្បែរកង់ម៉ូតូផ្នែកខាងក្រោយ (ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BE-7901​)។ ដោយសន្តិសុខស្មានតែជាឆ្នាំងសាកទូរស័ព្ទដៃ ក៏ដើរទៅរើស និងបំភ្លឺភ្លើងមើល ទើបដឹងថា ជាគ្រាប់បែក។ ពេលនោះ ក៏យកទៅទុកលើតុ រួចក៏រាយការណ៍ប្រាប់អនុប្រធានមន្ទីរពេទ្យ និងបន្តរាយការណ៍ប្រាប់សមត្ថកិច្ចនគរ​បាល​ខណ្ឌច្បារអំពៅ ឲ្យចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ​ ហើយក៏ដកហូតបានគ្រាប់បែក១គ្រាប់ខាងលើ និងត្រួតពិនិត្យក្នុងឃ្លុបម៉ូតូដែលគ្រាប់បែកនៅខាងក្រោម ពេលនោះឃើញមានប្រអប់ក្រដាសពណ៌ស-លាយខៀវ បិទស្កុត​ ពណ៌ស១ប្រអប់ថែមទៀត។

តាមសេចក្តីរាយការណ៍ដដែល​ សមត្ថកិច្ចបានធ្វើការដកហូត វត្ថុ​តាង (គ្រាប់បែក និងប្រអប់០១) រួម​នឹងម៉ូតូ ព្រមទាំងអញ្ជើញម្ចាស់ម៉ូតូ​ឈ្មោះ ឡូ ពិនដារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខ​របរបុគ្គលិកក្រុមហ៊ុនអូបា ស្នាក់នៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង​សន្តិសុខយាមម៉ូតូឈ្មោះ ញឹម ឌីយ៉ាម៉ង ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិកោះបៀន ឃុំគគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ រួចក៏បញ្ជូនទៅស្នងការក្រុង​។ ចំណែកគ្រាប់បែក និងប្រអប់ក្រដាស​ ក៏ត្រូវបានខាងស៊ីម៉ាក់ត្រួតពិនិត្យហើយផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor