
ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសឲ្យដឹងថា ខ្លួននឹងបាញ់បង្ហោះកាំជ្រួចមីស៊ីលថ្មី នៅពេលចាប់ផ្ដើមធ្វើប្រតិបត្តិការយោធា នាមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ទីក្រុងព្យុងយ៉ាង បានបដិសេធការរិះគន់របស់អង្គការសហប្រជាជាតិថា វាជាការរំលោភបំពានសិទ្ធិអធិបតេយ្យ ប៉ុន្តែជាទង្វើការពារខ្លួន ក្នុងការប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងបានសន្យាថា នឹងបាញ់គ្រាប់ផ្លោងបន្ថែមទៀតទៅមហាសមុទ្រប៉ាស៊ីហ្វិក។ សមយុទ្ធប្រចាំឆ្នាំ Ulchi Freedom Guardian ធ្វើនៅលើដី អាកាស និងសមុទ្រ ត្រូវបានកូរ៉េខាងជើង ហៅថា ជាការរៀបចំសម្រាប់ការឈ្លានពាន។

ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានឲ្យដឹងថា មន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានរៀបចំចេញវីដេអូ ក្នុងព្រឹកថ្ងៃនេះ ដែលពួកគេព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបយ៉ាងល្អទៅនឹងការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង៕
