
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានស្នើឲ្យសភាពអឺរ៉ុប(EU) ត្រូវក្តាប់សភាពការណ៍នៅស្រុកខ្មែរឲ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការវាយតម្លៃអំពីប្រទេសនេះ ហើយកុំចេះតែជឿលើការញុះញង់របស់មនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងប្រចាំកម្ពុជា។
ការថ្លែងរបស់លោក សុខ ឥសាន នេះ ក្រោយពីអតីតមេបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានលើកឡើងក្នុងហ្វេសប៊ុកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ថា សភាអឺរ៉ុប ថ្កោលទោសតយ៉ាងធ្ងន់ធ្ងរដល់អាជ្ញាធរកម្ពុជា ដែលបានរឹតត្បិតសិទ្ធិសេរីភាព របស់ប្រជារាស្ត្រខ្មែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយក៏បានទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។
លោក សុខ ឥសាន បានបញ្ជាក់ក្នុងបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី១៦ កញ្ញា ថា “សូមឲ្យសភាអឺរ៉ុបក្តាប់ឲ្យបានគ្រប់ជ្រុងជ្រោយចំពោះសភាពការណ៍ពិតនៅកម្ពុជា កុំច្បោលៗជឿតែតាមមជ្ឈដ្ឋានប្រឆាំង ហើយដាក់កំហុសទាំងងងឹតងងល់មកលើរាជរដ្ឋាភិបាលកម្ពុជា” ។
អ្នកនាំពាក្យបក្សកាន់អំណាចថា “ការចាប់ខ្លួនជនជាអ្នកនយោបាយមួយចំនួនក្នុងបក្សប្រឆាំង កើតឡើងពីអំពើប្រព្រឹត្តល្មើសច្បាប់របស់សាម៉ីជនតែប៉ុណ្ណោះ។ ការចោទប្រកាន់តាមផ្លូវតុលាការ គឺជាការអនុវត្តនីតិរដ្ឋស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ បើមិនឲ្យប្រើតុលាការ តើឲ្យប្រើស្អីវិញ?”។
លោកថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន មានយ៉ាងទូលំទូលាយ។ បណ្តាវិទ្យុដែលត្រូវបិទត្រូវទទួលស្គាល់កំហុសរបស់ខ្លួន ហើយកែប្រែនោះ នឹងទទួលបានការអនុញ្ញាតឲ្យដំណើរការវិញជាមិនខាន ។
ចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល លោក សុខ ឥសាន សង្កត់ធ្ងន់ថា ត្រូវបានបើកទូលាយក្នុងក្របខណ្ឌច្បាប់ស្តីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន ។ សព្វថ្ងៃមានអង្គការជិត ៥០០០ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនៅកម្ពុជា ។ សារព័ត៌មាន កាសែត ទស្សនវដ្តី ព្រឹត្តប័ត្រ រាប់រយអង្គភាពកំពុងដំណើរការ ដោយសេរី ដោយគ្មានការត្រួតពិនិត្យជាមុនទៀតផង ល្អជាងប្រទេសជាច្រើនលើពិភពលោក។
ហេ្វសប៊ុករបស់អតីតមេបក្សប្រឆាំងបន្តថា “សហភាពអឺរ៉ុប ក៏បានព្រមានថែមទៀតថា បើស្ថានការណ៍ នៅប្រទេសកម្ពុជា មិនវិលត្រឡប់មកសភាពការណ៍ដើមវិញទេ រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ មិនអាចរៀបចំការបោះឆ្នោត ដែលគេអាចទទួលស្គាល់បានទេ ហើយរដ្ឋាភិបាលនេះ នឹងបាត់បង់ភាពស្របច្បាប់តែម្តង ពីព្រោះជារដ្ឋាភិបាលចោរ ដែលប្លន់អំណាចពីរាស្ត្រ”៕
