
ភ្នំពេញៈ រថយន្តចំនួន៣គ្រឿង ដោយមានរថយន្តស៊េរីទំនើបៗ បានរងការខូចខាតរៀងៗខ្លួន ខណៈពេលដែលត្រូវបានរថយន្តមួយគ្រឿងម៉ាក មីស៊ុយមីស៊ី ប៉ាសេរ៉ូ បើកបុកពីក្រោយ ហើយរុញទៅបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ខាងមុខស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកបើករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់៥គ្រឿងខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ត៣គ្រឿង ទី១ម៉ាក ម៉ាសស្តា ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ២៩ ២-៨៦៨៩ ទី២រថយន្តម៉ាក សាំយុង ប្រភេទ១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AA-១២៥១ និងរថយន្តទី៣ម៉ាក ប៉ាសេរ៉ូ ពណ៌ទឹកប្រាក់ លាយទឹកប៊ិចក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ ២D-៩៥២៩ បានធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូងស្របទិសគ្នាទាំង៣គ្រឿង ខណៈមកដល់ចំណុចកើតហេតុ ភ្លាមនោះ រថយន្តម៉ាក ប៉ាសេរ៉ូ បានបុករថយន្តសាំយុងពីក្រោយយ៉ាងពេញទំហឹង ក៏បន្តទៅបុករថយន្តម៉ាសស្តាទៀត បណ្ដាលឲ្យខូចខាតរៀងៗខ្លួន។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង បានធ្វើកាវាស់វែង និងយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕









