
ស្ទឹងត្រែងៈ ជនសង្ស័យ២នាក់ ជាឃាតករដែលបានប្លន់ អ្នករត់ម៉ូតូដោយប្រើកាំបិត ចុងស្រួចអាករសម្លាប់ ទាំងកណ្តាលថ្ងៃ ហើយជនរងគ្រោះមិនបានបង់ជីវិតកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនោះ ត្រូវបានផែននគរបាលយុត្តិធម៌អាវុធហត្ថខេត្ត ដឹកនាំដោយមេបញ្ជារង វរសេនីយ៍ឯក ដួង វិចិត្រ ចុះចាប់ឃាត់ខ្លួនជនល្មើសបានហើយ។
នៅបន្ទាប់ពីកម្លាំងកំណត់មុខសញ្ញាយ៉ាងច្បាស់ លើករណីប្លន់យ៉ាងព្រៃផ្សៃនេះ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅល្ងាចថ្ងៃ២៧ ខែកញ្ញា នៅមុខហាងអ៊ុតសក់មួយកន្លែង ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃ២៨ ខែកញ្ញានេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ហាញមុខជនសង្ស័យដៃដល់ទាំង២នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីតាមចាប់ខ្លួនបាន ជាមួយនឹងម៉ូតូជនរងគ្រោះ ព្រមទាំងដកហូតបានកាំបិតចុងស្រួច១ ដែលបានធ្វើសកម្មភាពចាប់អ្នករត់ម៉ូតូឌុប និងជាអតីតមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ ដោយអារកប៉ុនប៉ងសម្លាប់ គ្រាកំពុងឌុបពួកគេក្រោមការបញ្ឆោតឲ្យជូនទៅកាន់ទីស្ងាត់ កាលពីម៉ោងប្រមាណជា១១ថ្ងៃត្រង់ ថ្ងៃ២៦ ខែកញ្ញា កន្លងទៅនេះ ដែលមានទីតាំងនៅខាងក្រោយចម្ការម៉ៃសាក់ ផ្លូវចូលទៅចម្ការស្វាយចន្ទី នៃគីឡូម៉ែត្រលេខ៦ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក ដួង វិចិត្រ បានប្រាប់ឲ្យដឹងថា ជនដៃដល់ទាំង២នាក់ដែលចាប់ខ្លួនបាននេះ ម្នាក់ឈ្មោះ ហេង ចិត្រា អាយុ១៩ឆ្នាំ គ្មានទីលំនៅពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ហន វិមាន អាយុ១៨ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ បានស្គាល់គ្នាក្នុងពេលចូលក្លិបកម្សាន្តមួយកន្លែង ខណៈពួកគេចូលទៅផឹកសុី ហើយបានសុំរាប់អានគ្នាជាមិត្ត រួចក៏បានដើរផឹកស៊ី និងមានសង្សារជាមួយនារីម្នាក់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់នោះថែមទៀត។
គួររំលឹកផងដែរថា ជនរងគ្រោះឈ្មោះ អ៊ុក អៀង អាយុ៥៧ឆ្នាំ ជាអតិតមន្ត្រីយោធា ហើយបច្ចុប្បន្ន មានរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1C-3901 ។
មន្ត្រីខាងលើបន្តថា ជនសង្ស័យបានសារភាព ថាពួកគេគ្មានលុយ និងអត់ម៉ូតូដឹកស្រីដើរលេងនោះទេ ដូច្នេះហើយទើបបែកគំនិតនាំគ្នាទៅប្លន់អ្នករត់ម៉ូតូឌុបយកម៉ូតូ តែត្រូវបានសមត្ថកិច្ចតាមចាប់ ដកហូតយកម៉ូតូគ្រឿង និងកាំបិតចុងស្រួច១ គ្រាខ្លួនកំពុងឈប់នៅមុខហាងអ៊ុតសក់១ដែលជាហាងរបស់នារីជាសង្សារបស់ខ្លួនតែម្តង៕





