
កំពង់ចាមៈ យុវជនចិត្តខ្លាំងម្នាក់ ដែលត្រូវជាប្អូនថ្លៃមិនទាន់រៀបការ បានចាប់អារ.កបងថ្លៃរបស់ខ្លួន បណ្ដាលឲ្យរបួសធ្ងន់ប៊ិះនឹងស្លាប់ ដោយគ្រាន់តែពាក្យមួយមាត់ថា “បើឯងស្រឡាញ់គ្នាមែននោះ ម្តេចក៏មិនចូលស្តីដណ្តឹងនាង?”។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
អធិការរងនគរបាលស្រុកកងមាស វរសេនីយ៍ត្រី ថុង ភូរីវុធ ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ ថាវី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង បច្ចុប្បន្នមានមុខរបរជាអ្នកលក់កាបូប និងស្បែកជើងនៅបឹងទំពុន រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះមានឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
បើតាមសមត្ថកិច្ច នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ អ្នកទាំង២ មិនបានទៅលេងស្រុកកំណើតទេ គឺពួកគេត្រូវមកលេងស្រុកកំណើតខាងប្រពន្ធ និងសង្សារដោយនៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ហើយជនរងគ្រោះដែលត្រូវជាបងថ្លៃបានប្រាប់ទៅប្អូនថ្លៃថា បើឯងស្រឡាញ់គ្នាយូរហើយ ម្តេចក៏មិនចូលស្តីដណ្តឹងនាង? ដូច្នេះក្នុងរយៈពេល១ខែ បើសិនជាមិនឃើញចាស់ទុំចូលស្តីដណ្តឹងទេ ប្រាកដជាមានបញ្ហាហើយ។ គ្រាន់តែនិយាយចប់ប្រមាណជា១៥នាទី ជនសង្ស័យបានយកកាំបិតឡាមចាប់អារកបងថ្លៃតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ទោះបីជាខ្លួនធ្លាប់ទៅរកស៊ីនៅប្រទេសថៃ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀត តែខ្លួនមិនដែលធ្លាប់ប្រព្រឹត្តបទល្មើសទេ តែពេលនេះ ដោយសារខឹងបងថ្លៃពេក ទើបបញ្ចេញកំហឹងតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕




