Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ក្រោយពីការរំជើបរំជួលដោយរឿងអាស្រូវជាច្រើន នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលបង្កឡើងដោយលោក កែរ រដ្ឋា ជាប្រធានមន្ទីរ ត្រូវបានមន្ត្រីក្រោមឱវាទបកអាក្រាតក្នុងវេទិកាសាធារណៈ ធ្វើឲ្យលោកខ្មាស់គេដូចលេចពងកណ្ដាលវាលតែម្ដង។

ប្រភពសុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តមួយនេះ បានប្រព្រឹត្តអំពើពុករលួយជាច្រើន រួមមានការបញ្ចូលបុគ្គលិកស្ម័គ្រចិត្ត និងកិច្ចសន្យាទៅក្នុងមន្ទីរពេទ្យខេត្ត (គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល) ដោយស៊ីសំណូកពី៥០០ទៅ២.០០០ដុល្លារ រឿងបណ្ដេញចោលនូវមន្ត្រីកិច្ចសន្យាមិនព្រមទៅបម្រើការងារនៅគ្លីនិករបស់គាត់ យកឈ្មោះគេលក់ឲ្យអ្នកផ្សេង រឿងតែតាំង និងដោះដូរមន្ត្រីសនីតិវិធី និងរឿងពុករលួយនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក, រឿងយកក្រុមហ៊ុនខ្លួនឯងទៅដេញថ្លៃលទ្ធកម្មនៅមន្ទីរសុខាភិបាល, បញ្ហាលុយជំនួយ ADB, រឿងកៀបសង្កត់ធ្វើទុក្ខបុកម្នេញមន្ត្រីរាជការដែលមិនព្រមស៊កសៀត ឬលន់តួលុតក្រាបជាមួយលោក កែរ រដ្ឋា, រឿងលួចលាក់មន្ត្រីខ្មោចទុកស៊ីលុយប្រាក់ខែ ដែលបណ្ដាឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទូទាំងប្រទេស ពិសេសមន្ត្រីរាជការសុខាភិបាលទូទាំងខេត្តស្វាយរៀង មានការថ្នាំងថ្នាក់ និងអន់ចិត្តជាខ្លាំង។

នៅចំពោះមុខ អភិបាលខេត្ត និងមន្ត្រីរាជការប្រមាណជា៣០០នាក់ លោក កែរ រដ្ឋា មិនភ្លេចបញ្ចេញចរិកធូរថ្លៃ ដោយអួតពីភាពត្រចះត្រចង់របស់ខ្លួន ក្នុងការដឹកនាំវិស័យសុខាភិបាលទូទាំងខេត្តឲ្យរីកចម្រើនដ៏មហិមា គ្មាននរណាធ្វើដូចហើយនោះ លោកនៅឆ្លៀតវាយប្រហារកូនចៅឯងដែលមិនរណបនឹងខ្លួនថា សុទ្ធតែគេធ្វើឲ្យខូចប្រជាប្រិយភាពមន្ទីរពេទ្យខេត្ត។

ប៉ុន្តែមិនហំហែងឯណា លោក កែរ រដ្ឋា និងក្រុមអែបអប អាម៉ីអាថោង ត្រូវបានមន្ត្រីរាជបកអាក្រាតក្នុងវេទិករនោះ ស្ទើរលេចពងកណ្ដាលវាល ហើយចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺបានលេចធ្លាយកាន់តែច្បាស់ នូវការលួចលាក់មន្ត្រីឈ្មោះ កង អូន ដែលត្រូវបានក្រសួងសុខាភិបាល លុបឈ្មោះហើយនោះ។

ក្នុងវេទិកានោះ អភិបាលខេត្តបានចោទសួរពីប្រាក់ខែរបស់ឈ្មោះ កង អូន ចំនួន៧ខែ តើទៅណានរណាបើក? លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល និងលោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ឆ្លើយថា សាម៉ីខ្លួនគេជាអ្នកបើក ហើយឥឡូវបានបង្វិលចូលរដ្ឋអស់ហើយ។ បែបណា អភិបាលខេត្តបានបន្តថា បង្វិលតាមណា? បើទោះបីជាបង្វិលចូលរដ្ឋវិញ ក៏នៅតែមានទោសដែរ។

ការដែលលោកប្រធានមន្ទីរ កែរ រដ្ឋា និងលោក គង់ ចាន់ថន និយាយថា សាម៉ីខ្លួនជាអ្នកបើកប្រាក់ខែយក៧ខែដោយខ្លួនឯង វាផ្ទុយគ្នាស្រឡះទៅនឹងការអះអាងរបស់លោក កង អូន ដែលថា "ខ្ញុំមិនដែលបានបើកប្រាក់ខែនោះទេ ហើយខ្ញុំបានដោះស្រាយឲ្យគេរួចរាល់អស់ហើយ

ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោក កង អូន ត្រូវបានក្រុមលេខារបស់លោក កែរ រដ្ឋា កោះហៅឲ្យមកបំពេញបែបបទ (លាងគូថឲ្យលោក កែរ រដ្ឋា) ផ្ទេរលុយចូលរដ្ឋវិញ កាលពីដើមខែកញ្ញានេះ។

គួរបញ្ជាក់ថា លោក កង អូន ជាវេជ្ជបណ្ឌិតចូលទៅបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល និងត្រូវបានចាត់ឲ្យទៅបម្រើការងារនៅមន្ទីរពេទ្យបង្អែកជីភូ តាំងពីឆ្នាំ២០០៨មកម៉្លេះ។ តែបុគ្គលិកនៅទីនោះថា មិនដែលស្គាល់ និងមិនដែលឃើញគាត់មកធ្វើការទេ ហើយគាត់បានព្យួរការងារចំនួន២លើក គឺនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ ទើបចូលធ្វើការវិញ។

អំឡុងខែមេសា ឆ្នាំ២០១៧ មន្ទីរមុខងារសាធាណៈ សហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីរាជាជការនៅក្រោមឱវាទមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប៉ុន្តែប្រធានមន្ទីរទាំង២ បែរជាលួចលាក់ពីវត្តមាន ពីការងាររបស់លោកវេជ្ជបណ្ឌិត កង អូន ទៅវិញ។ ដល់ចុងខែកក្កដា ឆ្នាំ២០១៧ ទើបរឿងនេះ បែកធ្លាយ ក៏បង្ខំឲ្យប្រធានមន្ទីរពេទ្យជីភូ ធ្វើរបាយការណ៍ពីអវត្តមានរបស់លោក កង អូន ចាប់ពីខែកុម្ភៈនោះមក។ ពេលបញ្ជូនឯកសារសុំលុបឈ្មោះពីក្របខ័ណ្ឌដល់ក្រសួងសុខាភិបាល ខាងនាយកដ្ឋានរដ្ឋបាលបុគ្គលិកនៃក្រសួងសុខាភិបាល បញ្ជាឲ្យយកត្រឡប់មកវិញ ដោយឲ្យកែរដាក់ថា ឈ្មោះ កង អូន ទើបតែអវត្តមាននៅខែកក្កដានេះទេ បើពុំនោះពិបាកសងលុយរដ្ឋ និងមានរឿងវែងឆ្ងាយជាមិនខាន។ ប៉ុន្តែលោក កែរ រដ្ឋា មិនដូរឯកសារទេ ព្រោះចង់ទម្លាក់កំហុសឲ្យលោក ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូថា ជាអ្នកលួចលាក់មន្ត្រីខ្មោច យឺតយ៉ាវមិនផ្ដល់របាយការណ៍មកមន្ទីរសុខាភិបាល។ ហេតុនេះ ចុងក្រោយក៏មានប្រកាសរបស់ក្រសួងសុខាភិបាល លេខ៥០៤ សនប ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សម្រេចលុបឈ្មោះ លោក កង អូន តាំងពីថ្ងទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមូលហេតុសាម៉ីខ្លួនបោះបង់ការងារ។

គ្រាន់តែបានប្រកាសនេះភ្លាម លោក កែរ រដ្ឋា បានបង្ហោះតាមបណ្ដាញសង្គម Line ផ្អើលទូទាំងខេត្តស្វាយរៀង គឺផ្អើលដោយសារតែប្រកាសនោះ មានលក្ខណៈចំឡែក មហាចំឡែក ត្រង់វាមានលក្ខណៈប្រតិកម្មពីខែសីហាមក។

ជាមួយនោះ លោក កែរ រដ្ឋា បានបង្ហោះសារតាមបណ្តាញសង្គម Line ឌឺដងទៅលោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ថាបើរកមន្ត្រីខ្មោចឃើញជូនរង្វាន់មួយតុ (ព្រោះមន្ត្រីខ្មោចនោះ លុបឈ្មោះបាត់ហើយ តាមប្រកាសលេខ៥០៤សនប)។

ដំណើររឿងទាំងអស់របស់លោក កង អូន នេះបញ្ជាក់ពីការឃុបឃិតគ្នាជាបណ្ដាញលួចលាក់មន្ត្រីខ្មោច ដែលច្បាប់មិនលើកលែងបានទេ។

នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃកូ លោកអភិបាលខេត្ត បានបញ្ជាឲ្យប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ស្រាវជ្រាវលើករណីនេះឲ្យបានច្បាស់លាស់។ មន្ត្រីរាជការទាំងអស់ កំពុងរង់ចាំមើលចំណាត់ការរបស់អភិបាលខេត្តស្វាយរៀង លើករណីនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor