
កណ្ដាលៈ អ្នកសារព័ត៌មានតារាហ្វេសប៊ុកលោក ឃឿន សុឡា ហៅ K01 បានស្ម័គ្រចិត្តទទួលស្គាល់នូវកំហុស ហើយសន្យាបញ្ឈប់នូវទង្វើធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរ ដែលមានការពាក់ព័ន្ធ ជុំវិញការផ្សាយប្រមាថដល់អាជ្ញាធរ និងស្ថាប័នតុលាការខេត្តកណ្ដាល នាពេលកន្លងមក។ កិច្ចសន្យាស្ម័គ្រទទួលស្គាល់កំហុសនេះ ត្រូវបានលោក K01 ធ្វើចំពោះមុខសមត្ថកិច្ចខេត្តកណ្ដាល គ្រាដែលលោកចូលទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ មុនកាលកំណត់។
ស្នងការរងនគរបាលខេត្តកណ្ដាល លោក រឿន ណារ៉ា បានឲ្យដឹងថា លោក ឃឿន សុឡា ហៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលធ្វើឡើងមុនមួយថ្ងៃនៃការកោះហៅរបស់សមត្ថកិច្ចដែលឲ្យលោកចូលបំភ្លឺនៅថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ។ សមាសភាពចូលរួមក្នុងកិច្ចសាកសួរលោក K01 នាព្រឹកនេះ រួមមាន លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី លោកព្រះរាជអាជ្ញារង ទិន សុចិត្រា លោកស្នងការរងនគរបាលខេត្តកណ្ដាល រឿន ណារ៉ា និងលោក ឡាក់ ម៉េងធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល។
ចំពោះមុខសមត្ថកិច្ចលោក ឃឿន សុឡា ហៅ K01 បានឆ្លើយបំភ្លឺថា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ខ្លួនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា តុលាការខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង បានចុះអនុវត្តន៍សាលដីកាតុលាការ ហើយបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋទៀតផង។ បន្ទាប់មក ខ្លួន(K01) រួមនឹងសមាជិកមួយចំនួនទៀត បានជិះម៉ូតូចេញពីស្ថានីយ៍ផ្សាយនៅភូមិព្រែកកំពឹស ទៅធ្វើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន (Live) រហូតដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល។
បើតាមប្រភពដដែល នៅពេលទៅដល់កន្លែងកើតហេតុ លោក K01 បានសម្ភាសន៍ជាមួយភាគីចាញ់ក្ដី និងបានជេរអាជ្ញាធរមូលដ្ឋាន តុលាការ អាជ្ញាសាលាចៅក្រម ក្រឡាបញ្ជីពិតប្រាកដមែន។ ការជេរប្រមាថនេះ កើតឡើងដោយសារខ្លួនពិតជាបានប្រើប្រាស់ពាក្យសម្ដីមិនសមគួរ ជេរប៉ះពាល់ដល់ស្ថាប័នអយ្យការតុលាការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដែលចូលរួមអនុវត្តន៍ដោយមិនបានក្ដាប់សាច់រឿងច្បាស់លាស់ និងដឹងប្រភពមិនច្បាស់ការ ពោល គឺឮតាមគេថា ហើយមានការខឹងផង ក៏បាន live ជាវិដេអូបង្ហោះផ្ទាល់លើទំព័រហ្វេសប៊ុកចែកជូនជាសាធារណៈតែម្ដង។
ក្រោយយល់ដឹងពីកំហុសរបស់ខ្លួន លោក K01 យល់ព្រមទទួលស្គាល់កំហុស ដោយមិនមានការបង្ខិតបង្ខំ បានស្ម័គ្រចិត្ត និងសន្យាជាលាយលក្ខអក្សរចំពោះមុខសមត្ថកិច្ចថា ឈប់ប្រព្រឹត្តអំពើខុសឆ្គង ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ។ បើមានអនុវត្តន៍ផ្ទុយពីការសន្យានេះ លោក K01 សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ លោក រឿន ណារ៉ា បញ្ជាក់។
បែបណាក៏ដោយ ក្រោយបញ្ចប់ការសាកសួរបំភ្លឺ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ក៏បានអនុញ្ញាតឲ្យលោក ឃឿន សុឡា ហៅ K01 វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕








