Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សហ៊្វ៊ុនស៊ិនប៉ិច ក្នុងចំណោមបក្សមួយចំនួន ដែលនឹងត្រូវទទួលបានអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ ដែល​នឹងត្រូវរំលាយនាពេលខាងមុខនោះ បានអះអាងថា មិនដឹងទទួលបានអាសនៈប៉ុន្មាននោះទេ ប៉ុន្តែប្រកាសទទួលយកតាមអ្វីដែលច្បាប់កំណត់។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សលោក ញ៉េប ប៊ុនជិន អ្នកនំាពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចថា រហូតមកដល់ពេលនេះ​ គណបក្សរបស់លោកមិនទាន់ទទួលបានដំណឹងពីការទទួលអាសនៈប៉ុន្មាននោះទេ របស់គណបក្សសង្គ្រោះជាតិ នៅពេលបក្សនេះ ត្រូវរំលាយនោះ។

យ៉ាងណាក្តីលោកថា ទោះបីជាមិនទាន់ដឹងក្តីគណបក្សនឹងទទួលយកអាសនៈ ព្រោះថាធ្វើតាមច្បាប់ និងគោរពតាមរដ្ឋធម្មនុញ្ញ។

លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា “បើយើងជាពលរដ្ឋកំពុងធ្វើស្រែសុខៗ ហើយគេយកលុយមកឲ្យដោយស្របច្បាប់ សួរថា យើងយកទេ? យើងយកក្នុងន័យថា អ្វីក៏ដោយឲ្យតែ ស្របច្បាប់ យើងយកទំាងអស់ ប៉ុន្តែបើផ្ទុយពីច្បាប់យើងមិនយកទេ” 

បើតាមអ្នកនំាពាក្យរបស់គណបក្ស ដែលធ្លាប់តែទទួលបានការគំាទ្រពីពលរដ្ឋរហូតបាត់បង់កៅអីសូន្យក្នុងសភានោះ ក៏បានលើកឡើង និងបានដាក់កំហុសទៅលើគណបក្សប្រឆាំង ថាបើសិនគណបក្សនេះ ត្រូវរំលាយនោះកំហុសក៏មកពីគណបក្សនេះខ្លួនឯងដែរ។

លោកគូសបញ្ជាក់ថា “បើសិនគណបក្សប្រឆាំង ត្រូវរំលាយនោះ គឺកំហុសរបស់គាត់ផ្ទាល់ខ្លួន ។ រំលឹកបន្តិចចុះ បើទុកការអនុម័តច្បាប់២ភាគ៣នោះ ដំណើរដឹកនាំចេញទៅមុខបន្តិចៗទៅមុខរហូត”

លោក ញ៉េប ប៊ុនជិន ក៏បានលើកឡើងថា ការទទួលបានអាសនៈរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់  មកដល់៥៥កៅអីនៅក្នុងរដ្ឋសភា ក៏បានមកពីការខិតខំរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។

លោកបានគូសបញ្ជាក់ថា​ “បើសិនពេលនោះ(ឆ្នាំ១៩៩៣)មានតែគណបក្សប្រជាជនកម្ពុជា  និងគណបក្សសង្គ្រោះជាតិ ប្រហែលមិនបានមកដល់សព្វថ្ងៃនេះទេ។ តាមគណបក្សសមរង្ស៊ីពេលនោះមានបញ្ជាជាច្រើន តែបានសម្តេចក្រុមព្រះជាអ្នកសម្រួល”

ជាមួយគ្នានោះដែរ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា បើគេឲ្យអាសនៈ នឹងយកហើយព្រោះថាច្បាប់បានចែងរួចហើយ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងលើបណ្តាញសង្គមថាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលរដ្ឋសភា បានអនុម័តមុន ការបោះឆ្នោត ឆ្នាំ២០១៣ ។ ឯលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅឆ្នាំ២០១៥។

លោកបន្តថា ដូច្នេះច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  និង ជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាមានតែតំ ណាង រាស្ត្រគណបក្សប្រជាជ នកម្ពុជា នឹងអនុម័តកាលពីថ្ងៃច័ន្ទទី១៦ ខែតុលា នេះ មិនអាចយកមកអនុវត្តនៅក្នុងអាណត្តិទី៥ នៃរដ្ឋ សភា និងអាណត្តិទី៤ នៃការបោះឆ្នោតឃុំ សង្កាត់បានឡើយ ព្រោះផ្ទុយពី ឆន្ទៈ ប្រជាពលរដ្ឋ ។

លោកគូសបញ្ជាក់ថា «ប្រសិនបើ អ្នកណាយកច្បាប់វិសោធនកម្មច្បាប់ ខាងលើនេះ ទៅអនុវត្តក្នុងបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណ បក្ស នយោបាយមួយដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ " ប្លន់ឆន្ទៈប្រជាពលរដ្ឋ" យ៉ាងកម្រោល ហើយអ្នកទទួលយកអាសនៈពីអំពើប្លន់នេះ មានឈ្មោះថា " ទទួលផលចោរកម្ម" »

ទាក់ទិននឹងអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិទំាង៥៥នៅពេលរំលាយត្រូវបានសារព័ត៌មានក្នុងស្រុកមួយផ្សាយបានឲ្យដឹងថា ប្រសិនបើសមាជិកសភាបក្សកាន់អំណាច បានធ្វើ វិសោធនកម្មច្បាប់ សម្រាប់បែងចែក ហើយបក្សប្រឆាំងត្រូវរំលាយមែន។ ក្នុងនោះហ៊្វុ នស៊ិនប៉ិចនឹងបាន ៤១ កៅអី, គណបក្សសម្ព័ន្ធដើម្បីលិទ្ធិប្រជាធិតេយ្យនឹងទទួលបាន៦កៅអី, គណបក្សខ្មែរឈប់ក្រនឹងទទួលបាន៥កៅអី,គណបក្សសញ្ជាតិកម្ពុជានឹងទទួលបាន២កៅអី និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច១កៅអី។

ចំពោះអាសនៈរបស់គណបក្សប្រឆាំងនេះដែរត្រូវបានគណបក្សមួយចំនួនប្រកាស ថានឹងមួយទទួលយកនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor