
តារាសម្តែងអ្នកនាង ឌី លីណា កើតមានជំងឺបេះដូង (ប្រើសបេះដូង)ច្រើនឆ្នាំមកហើយ ។ យប់មិញនេះជំងឺចាស់ក្នុងខ្លួនបានធ្វើទុក្ខ រហូតត្រូវបញ្ចូលខ្យល់អុកស៊ីហ្សែនជំនួយដង្ហើម តែនៅព្រឹកនេះបន្ទាប់ពីដកអុកស៊ីហ្សែន អ្នកនាងបានចូលរួមថតកុន រឿង “សម្បថនិស្ស័យ” ទាំងសុខភាពមិនទាន់ប្រក្រតី ដូច្នេះហើយទើបធ្វើឲ្យមិត្តភក្តិ និងអ្នកគាំទ្របារម្ភជាខ្លាំង។

អ្នកនាង ឌី លីណា បានប្រាប់ Kqube នៅមុននេះបន្តិចថា “ចា៎ ! បងអើយជំងឺបេះដូងខ្ញុំកើតច្រើនឆ្នាំមកហើយ តែវាង
ខានធ្វើទុក្ខជាងពីរឆ្នាំមកហើយ បន្ទាប់ពីខ្ញុំបានចូលពេទ្យវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រមក ហើយខ្ញុំស្មានតែជំងឺនេះជាហើយ ព្រោះខានធ្វើទុក្ខយូរ ទើបតែយប់មិញនេះវាធ្វើទុក្ខឡើងវិញ ពិបាកដកដង្ហើមទើបខ្ញុំដាក់អុកស៊ីហ្សែន ជួយដង្ហើម តែនៅព្រឹកនេះអាការក្នុងខ្លួនខ្ញុំមិនទាន់ប្រក្រតីវិញទេ”។

តារាសម្តែងរូបនេះបន្តថា “បើតាមអាការជំងឺនៅព្រឹកនេះខ្ញុំមិនអាចមកថតបានទេ ប៉ុន្តែដោយសាររឿង “សម្បថនិស្ស័យ” ត្រូវថតឈុតសំខាន់ ដែលមានតួចូលរួមសឹងទាំងអស់ត្រូវជុំគ្នាថត ទើបខ្ញុំមិនអាចខានបាន ព្រោះបើខ្ញុំឈប់ម្នាក់ឯងគឺត្រូវធ្វើឲ្យខូចប្លង់រឿងតែម្តង ដូច្នេះហើយទោះសម្តែងបានល្អ ឬមិនល្អខ្ញុំត្រូវតែមកបង្ហាញវត្តមាន ទាំងទឹកមុខស្លេកស្លាំង ដែលមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនសម្តែងការបារម្ភចំពោះសុខភាពខ្ញុំតែម្តង”។

អ្នកនាង ឌី លីណា បន្តថា ក្រោយថតចប់ប្លង់សំខាន់នេះខ្ញុំត្រូវចូលពេត្យឲ្យគ្រូពេទ្យពិនិត្យសុខភាពម្តងទៀត ព្រោះតែមួយរយៈនេះខ្ញុំហត់នឿយការងារសម្តែងខ្លាំងពេក គឺថតជាង១០រឿង ទើបតែពេលនេះមានរឿងខ្លះបានបញ្ចប់ តែសុខភាពខ្ញុំក៏មានបញ្ហាឡើងវិញតែម្តង”៕
