
ប្រទេសកូរ៉េខាងជើង នឹងប្រឈមមុខនឹងការដាក់សម្ពាធកើនឡើងពីសហរដ្ឋអាមេរិក និងជប៉ុន បន្ទាប់ពីសម្ព័ន្ធមិត្តទាំងអស់ បានប្រកាសថា ពួកគេសហការគ្នា ដើម្បីបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អេបេ បានព្រមព្រៀងគ្នា នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ការដាក់សម្ពាធទៅលើកូរ៉េខាងជើង គួរតែត្រូវ បង្កើនឲ្យខ្លាំងជាងមុន និងបញ្ឈប់ការគំរាមពីមេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ដែលនឹងនាំមកនូវពពកខ្មៅនុយក្លេអ៊ែរ ទៅកាន់ប្រជុំកោះជប៉ុន។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទរយៈពេល ១២នាទី លោកអាបេ ក៏បានសម្ដែងការសោកស្ដាយចំពោះការបាញ់ប្រហារដ៏ធំមួយ នៅទីក្រុង ឡាសវេហ្គាស ហើយបានប្រាប់លោក ត្រាំ ថា ប្រជាជនជប៉ុន ទាំងអស់តែងតែនៅជាមួយសហរដ្ឋអាមេរិក ជានិច្ច៕