
ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកនៅក្រុងភ្នំពេញ បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ តាមប្រមាញ់ជនសង្ស័យម្នាក់ ដែលលួចរថយន្តឡិចស៊ីស RX300 ពីម្ដុំចម្ការដូង បើកគេចខ្លួនជាច្រើនកន្លែងម៉ែត្រ រហូតសមត្ថកិច្ចក្រសោបជាប់ទាំងការបង្ខំផ្ទុះអាវុធ។
តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជនសង្ស័យម្នាក់ ដែលគេអះអាងថា ជាសាច់ញាតិរបស់ជនរងគ្រោះ បានលួចរថយន្តម៉ាក ឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2K-2331 មួយគ្រឿង ពីម្ដុំចម្ការដូង ស្ថិតក្នុងខណ្ឌដង្កោ ហើយបើកគេចខ្លួនឆ្លងកាត់ភូមិសាស្ត្រជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ រហូតបុករះម៉ូតូជាច្រើនគ្រឿង បង្កឲ្យមានអ្នករងរបួសជាបន្តបន្ទាប់ ទើបសមត្ថកិច្ចសម្រេចបង្ខំចិត្តផ្ទុះអាវុធបាញ់ទម្លុះកញ្ចក់រថយន្ត ចុងក្រោយត្រូវចាប់ខ្លួននៅក្នុងទឹកដីខណ្ឌដង្កោ ហើយរថយន្តក៏ផ្ទុះឆេះមួយកំណាត់មុខភ្លាមៗ។
សេចក្ដីរាយការណ៍ចុងក្រោយពីកន្លែងកើតហេតុ រហូតមកដល់ពេលនេះ អគ្គិភ័យឆេះរថយន្តខាងលើបានរលត់វិញហើយ ក្រោមកិច្ចអន្តរាគមន៍របស់ក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យរាជធានីភ្នំពេញ។ យ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅសាកសួរផងដែរ៕





