
បាត់ដំបងៈ ក្មេងប្រុសម្នាក់ បានបាត់បង់ជីវិត ខណៈដើរឆ្លងថ្នល់ ហើយត្រូវម៉ូតូកង់បីកែច្នៃ១គ្រឿង បុកពេញទំហឹង កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៥ ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្មេងប្រុសរងគ្រោះឈ្មោះ មឿន កាណាន់ អាយុ៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។ ចំណែកជនបង្កឈ្មោះ អូច សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីកែច្នៃ១គ្រឿង ម៉ាកវ៉េវ ពាក់ស្លាកលេខ សៀមរាប 1K-5450 បើកបរក្នុងទិសពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកក្មេងប្រុសរងគ្រោះខាងលើ ដែលកំពុងដើរឆ្លងថ្នល់ពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។ ឃើញដូចនេះ អ្នកបើកបរបង្ក ក៏បានទុកម៉ូតូចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោក ចុះធ្វើការវាស់វែង និងអូសយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខណៈសាកសពកុមាររងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕


