
អ្នកជំនាញការអាមេរិក បានប្រាប់ឲ្យដឹងថា ប្រទេសចិន កំពុងបង្កើនភាពតានតឹងក្នុងពិភពលោកដោយ ប្រើអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីជួយពង្រីកអំណាចរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

អ្នកការពារសន្តិសុខអាស៊ីបូព៌ាលោក Gordon Chang បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានចូលរួមជាមួយក្រុងព្យុងយ៉ាង ដោយការផ្ទេរបច្ចេកវិទ្យាយោធាសំខាន់ៗ សម្រាប់ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ។ លោក បានបន្ថែមទៀតថា ការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយកាលពីថ្ងៃទី០៤ និងថ្ងៃទី២៨ ខែកក្កដា ត្រូវបានជួយដោយកាំភ្លើងវែងចល័តរបស់ចិន ដែលអនុញ្ញាតឲ្យមានការធ្វើតេស្តនេះ។

កាំជ្រួចមីស៊ីលចល័ត (ICBM) របស់កូរ៉េខាងជើង អាចត្រូវបានលាក់ពីការស៊ើបអង្កេត ដោយយកទៅលាក់នៅក្នុងឃ្លាំងសង្កាត់មួយកន្លែង នៅក្នុងរូងថ្មឆ្ងាយពីទីក្រុង។ ប្រភពច្បាស់លាស់មួយ បានបង្ហាញថា ចំណងទំនាក់ទំនងរបស់ចិនជាមួយមេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន មានតាំងពីខែសីហា ឆ្នាំមុន ដោយមានការសាកល្បងមីស៊ីល ដែលគេមើលឃើញថា ដូចការបាញ់បង្ហោះមីស៊ីល JL-1 របស់ចិន។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងកាត់បន្ថយការនាំចូលធ្យូងថ្ម និងការនាំចេញអាហារសមុទ្រ និងប្រេង ទៅឲ្យកូរ៉េខាងជើង នៅក្នុងការផ្លាស់ប្ដូរមួយ ដែលឥឡូវនេះអាចត្រូវបានគេមើលឃើញថា ជាការបញ្ជូនសញ្ញាលាយឡំទៅកាន់ពិភពលោក នៅពេលដែលភាពតានតឹងត្រូវបានកើនឡើងខ្ពស់៕