
ភ្នំពេញៈ យុវជនម្នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់តារាសម្តែងវ័យក្មេងម្នាក់ ខណៈកំពុងបត់ចូលចាក់សាំង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុងទល់មុខនឹងការ៉ាសាំងកាលតិចនៅក្នុងសង្កាត់ ទឹកល្អកក់ទី៣ ខណ្ខទួលគោក រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿធ្វើដំណើរនៅតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូង ស្របជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿន មកចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបរបស់តារាសម្ដែងវ័យក្មេងលោក អែត វីន តែម្តង បណ្តាលឲ្យយុវជនជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងរថយន្តមានតារាប្រុសស្រីពីរដួង ដែលទើបនឹងចេញពីការសម្ពោធរឿងថ្មីរបស់ផលិតកម្ម LD បន្ទាប់ពីកើតហេតុ អ្នកទាំងពីរបានព្យាយាមយកម៉ាសបិទបាំងមុខ ដោយមិនចង់ឲ្យចូលកាមេរ៉ារបស់អ្នកសារព័ត៌មាន ដែកំពុងផ្ដិតយករូបភាពក្នុងហេតុការណ៍នោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន តារាសម្ដែងទាំងពីររូបនោះ ទៅកាន់ប៉ុស្តិ៍នគរបាលទឹកកល្អកទី៣ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕





