
ថៃៈ យ៉ាងហោចណាស់ក៏មានទារកម្នាក់ ដែលទើបតែឃើញពន្លឺព្រះអាទិត្យ បាន៧ថ្ងៃ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងចំណោមជនជាតិខ្មែរ ដែលរងរបួសធ្ងន់ស្រាល ចំនួន២២នាក់ ខណៈដែលពួកគេទាំងអស់គ្នា កំពុងធ្វើដំណើរតាមរថយន្តតាក់ស៊ី ស្រាប់តែជួបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវពេជ្រក្សេម ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧៩ និង២៨០ ក្នុងឃុំកុយបុរី ស្រុកកុយបុរី ខេត្តប្រាក់ជួប។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង គឺរថយន្តម៉ាក តូយូតា ប្រភេទតួរីស ពាក់ស្លាកលេខ១៤២០ ។
របាយការណ៍របស់សមត្ថកិច្ចថៃ បានឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងតម្រួតបានចុះទៅដើម្បីត្រួតពិនិត្យ ព្រមទាំងបានសង្គេតឃើញថា រថយន្តនេះមានដឹកពលករខ្មែរ និងថៃចំនួន២២នាក់ ក្នុងនោះមានមនុស្សធំចំនួន១៧នាក់ និងក្មេង៥នាក់ ហើយនៅក្នុងចំណោមក្មេងទាំង៥នាក់ គឺមានទារកម្នាក់ ដែលទើបតែមានអាយុ៧ថ្ងៃប៉ុណ្ណោះ ដោយរថយន្តមានសភាពធ្លាក់ផ្លូវទៅបុកបាក់សសរបង្គោលភ្លើងអស់មួយដើម រួចក៏ជ្រុលទៅបុកនឹងរបងថ្ម របស់ប្រជាពលរដ្ឋធ្លាយ ហើយក្បាលរថយន្តបានបុកជាប់នឹងដើមឈើមួយដើមដែលនៅខាងក្នុងរបង ។
ជាក់ស្តែងគឺ ដំបូងគេឃើញអ្នកបើកបរខំប្រឹងព្យាយាមលូនចេញមកខាងក្រៅរថយន្តដោយមានស្នាមបែកក្បាលយ៉ាងធ្ងន់ ជននោះមានឈ្មោះ សរ៉េះ សឺនិ ភេទប្រុស អាយុ៤៧ឆ្នាំ បន្ទាប់មកក៏មានស្ត្រីជនជាតិខ្មែរ និងមនុស្សដ៏ទៃទៀត បាននាំគ្នាលូនចេញជាបណ្តើរៗ ដោយមានការជួយអន្តរាគមន៍ពីសំណាក់ក្រុមគ្រូពេទ្យផង ដើម្បីបញ្ជូនពួកគេទាំងអស់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យកុយបុរី។
នៅទីនោះដែរ គឺមានទារកម្នាក់ ដែលមានអាយុ៧ថ្ងៃ បានខ្ទាតចេញពីក្នុងរថយន្តបោកទៅលើដីបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រៅពីនោះគឺពួកគេរងរបួសធ្ងន់ ស្រាលទាំងអស់ ពិសេដគឺស្ត្រីខ្មែរម្នាក់ ដែលមានផ្ទៃពោះ កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ ដោយសារតែមានការប៉ះទង្គិចទៅលើពោះ បណ្តាលឲ្យមានការចុកខ្លាំង ។
សមត្ថកិច្ចបានធ្វើការសាកសួរទៅលើព្រូរថយន្តម្នាក់ឈ្មោះ យ៉ា រ៉ូហ្សា ភេទប្រុស អាយុ៤៦ឆ្នាំ អំពីមូលហេតុ តែត្រូវបុរសរូបនេះនិយាយថា រថយន្តនេះគឺដឹកពលករខ្មែរ ចេញពីកន្លែងត្រួតពិនិត្យជនអន្តោប្រវេសន៍ ក្នុងខេត្តនរ៉ាធីវ៉ាត ដើម្បីនាំជនជាតិខ្មែរទាំង១៩នាក់ ទៅកាន់ច្រកអន្តរជាតិក្នុងខេត្តស្រះកែវ ហើយខ្លួនក៏បានប្តូរដៃអោយអ្នកបើកបរខាងលើកាន់ចង្កូតម្តង ចាប់ពីខេត្តឈុំផនមកម៉្លេះ ហើយខ្លួនក៏បានដេកលក់ចាប់ពីពេលនោះមក លុះភ្ញាក់ឡើងវិញ គឺពេលដែលរថយន្តបុក នឹងសសរបង្គោលភ្លើងនេះតែម្តង ដូច្នេះខ្លួនមិនបានដឹងអំពីមូលហេតុអ្វីទាំងអស់។
ដោយឡែកក្រុមតម្រួតថៃ ក៏មិនអាចសួរនាំអ្នកបើកបរបានឡើយ ដោយសារតែពេលនេះអ្នកបើកបរកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ ដោយសារបែកក្បាល ដូច្នេះមានតែរង់ចាំក្រោយពេលក្រុមគ្រូពេទ្យរុំរបួសរួច៕

