
ភ្នំពេញៈ ប្រជាពលរដ្ឋចុងទស្សវត្សឆ្នាំ៧០ ភាគច្រើនស្គាល់ស្រ្តីឈ្មោះ ស ភារម្យ ជាមេទ័ពស្រីរបស់ទាហានខ្មែរក្រហម ឈរជើងប្រចាំភ្នំក្រហម ទិសពាយ័ព្យ ខេត្តកំពង់ចាម រហូតដល់ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អ្នកស្រីឈប់ពីកងទ័ពមកធ្វើជាកសិករវិញ រហូតមកដល់ពេលនេះ អ្នកស្រីរួមជាមួយប្តី ប្រកបរបរជាអ្នករើសអេតចាយ ក្នុងសភាពជីវិតរស់នៅតាមចិញ្ចើមផ្លូវ ស្នាក់នៅក្រោមដំរីថ្ម មុខវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្រាប់តែនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ប្តីអ្នកស្រី ស ភារម្យ សល់តែដង្ហើមចុងក្រោយ ដេកដួលនៅកន្លែង គ្មានទីពឹង បានព្រះសង្ឃ ប្រជាពលរដ្ឋ ជួយជាថវិកា និងយកជនរងគ្រោះទៅដាក់នៅកន្លែងសាលាទាន ក្នុងវត្តជម្ពូវ័ន ដើម្បីឲ្យព្រះធម៌ រងចាំក្តីស្លាប់ រហូតដល់វេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ជនរងគ្រោះមានឈ្មោះ មាស សុផាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ រើសអេតចាយ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ស ភារម្យ អាយុ៥៨ឆ្នាំ មុខរបររើសអេតចាយ ស្រុកកំណើត ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម អតីតជាមេទ័ពស្រីសម័យរបរខ្មែរក្រហម ឆ្នាំ១៩៧៥ដល់១៩៧៩ ។
តាមការរៀបរាប់ស្រ្តី ស ភារម្យ បានឲ្យដឹងថា ក្រោយពេលដែលលាឈប់ពីមេទ័ពខ្មែរក្រហម ឆ្នាំ១៩៧៩ អ្នកស្រីជាកសិករ រស់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដោយជីវភាពខ្វះខាត ទើបនាំគ្នាមកទីក្រុងភ្នំពេញ ប្រកបរបរ ដើររើសអេតចាយ ស្នាក់នៅវត្ត ព្រៃស្ពឺ សង្កាត់ចោមចៅ តែមួយរយៈចុងក្រោយនេះ ២នាក់ប្តីប្រពន្ធបានមកស្នាក់នៅចិញ្ចើមផ្លូវមុខវត្តជម្ពូវ័ន ដោយប្តីអ្នកស្រី មានជំងឺប្រចាំកាយ (ទៀចទឹក) ធ្ងន់ធ្ងរ ទោះជាកន្លងមក ត្រូវបានព្រះសង្ឃ ប្រជាពលរដ្ឋ ជួយហៅរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ តែមើលព្យាបាលអស់លទ្ធភាព វិលត្រឡប់មកវិញ រហូតដល់ព្រឹកថ្ងៃទី១៦ ខែតុលានេះ ជនរងគ្រោះកាន់តែដាប ដួលដេកនៅមួយកន្លែង សល់តែដង្ហើមចុងក្រោយ ហើយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ មានរបរដើររើសអេតចាយ និងសុំទាន រស់បានដោយបាយវត្ត ខណៈដែលប្តីជាជនរងគ្រោះ មានជំងឺកាន់តែដាបទៅ ដួលមុខវត្ត ត្រូវបានព្រះសង្ឃ អនុញាតិឲ្យដឹកជនរងគ្រោះ ទៅតំកល់ទុកនៅ កន្លែងទីបច្ឆាវត្ត វត្តជម្ពូវ័ន ហើយជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃដដែល។ សាកសពត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ក្រោយពីសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យរួច៕