
អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ឲ្យដឹងថា កងកម្លាំងបច្ចេកទេសនុយក្លេអ៊ែររុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយម៉ាក Tu-160, Tu-95MS និង Tu-22M3។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនារសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរពូទីន បានចូលរួមក្នុងសមយុទ្ធរបស់កងកម្លាំងបច្ចេកទេសនុយក្លេអ៊ែរ ព្រមទាំងបន្ថែមទៀតថា មេបញ្ជាការកំពូល បានបញ្ជាបាញ់មីស៊ីលផ្លោង ចំនួន០៤គ្រាប់។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់ថា នាវាមុជទឹកនេះ បានបាញ់បង្ហោះមីស៊ីលផ្លោង ពីសមុទ្រ Barents ទៅកាន់តំបន់ភ្នំ Kamchatka ចំណែកយន្តហោះទម្លាក់គ្រាប់ នៅតំបន់ Kura (Kamchatka), Pemba (Komi Republic) និង Terekta (Kazakhstan) ព្រមទាំងទទួលបានជោគជ័យទាំងអស់៕
